ប្រទេសបារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសយ៉ាងច្បាស់លាស់កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងទូលូ (Toulouse) ថា បារាំងនឹងបង្កើនការចំណាយលើការអភិវឌ្ឍន៍វិស័យអវកាសយោធា រហូតដល់ឆ្នាំ២០៣០ ដោយបែងចែកថវិកាបន្ថែមមិនតិចជាង ៤,២ ពាន់លានអឺរ៉ូ។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពច្បាប់កម្មវិធីយោធា ដោយលោក ម៉ាក្រុង ជឿជាក់យ៉ាងមុតមាំថា សង្គ្រាមនាពេលអនាគត នឹងចាប់ផ្តើមនៅក្នុងលំហអាកាស។

បន្ថែមពីនេះ ប្រធានាធិបតីបារាំងក៏មានមហិច្ឆតាអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលអវកាសនាពេលអនាគត ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងសកលលោក ទាំងផ្នែកស៊ីវិល និងយោធានៅក្នុងលំហអាកាស។ ជាក់ស្តែង លំហអាកាសបានក្លាយជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ហើយទាមទារការការពារយ៉ាងម៉ត់ចត់ ហេតុនេះហើយបារាំងក៏កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមអវកាសផងដែរ។

កម្មវិធីមួយដែលមានឈ្មោះថា ARES គឺសំដៅផ្តល់សមត្ថភាពឱ្យកងទ័ពបារាំងអាចត្រួតពិនិត្យ និងការពារខ្លួនក្នុងលំហអាកាសបាន ខណៈដែលក្រុមហ៊ុនអវកាស ARIANEGROUP ក៏កំពុងបង្កើតប្រព័ន្ធត្រួតពិនិត្យផ្កាយរណបពីដីគោក ដែលមានឈ្មោះថា HELIX។ គោលដៅសំខាន់នៃកម្មវិធី ARES គឺដើម្បីការពារផ្កាយរណបយោធារបស់បារាំងពីការគំរាមកំហែងដែលកាន់តែរីកលូតលាស់នៅក្នុងលំហអាកាស។

យុទ្ធសាស្ត្រអវកាសរបស់បារាំងត្រូវបានកំណត់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយកម្មវិធីត្រួតពិនិត្យអវកាសក្នុងគោលបំណងយោធាទាំងនេះ ត្រូវបានជំរុញកាន់តែខ្លាំងចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ដែលបានបង្ហាញយ៉ាងច្បាស់ថា ជម្លោះក្នុងសម័យទំនើបក៏ពាក់ព័ន្ធនឹងលំហអាកាសដែរ តាមរយៈការរំខានផ្កាយរណបគមនាគមន៍ ឬសកម្មភាពវាយប្រហារដោយប្រព័ន្ធបច្ចេកវិទ្យា។
