ភ្នំពេញ៖ ថ្លែងក្នុងកិច្ចសន្ទនាយ៉ាងសំខាន់រវាងបណ្តា សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន ទាំងនៅកម្ពុជា និងអឺរ៉ុប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃវេទិកានេះ។ លោកបានចាត់ទុកកិច្ចសន្ទនានេះថាជាច្រកផ្លូវដ៏ចាំបាច់បំផុត ក្នុងការផ្សារភ្ជាប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុប។


ពិធីកិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ថ្មីៗនេះ នៅសាលបុរីកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះ ក៏មានការចូលរួមជាគណៈអធិបតីពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។


លោករដ្ឋមន្ត្រី ហេង សួរ ក៏បានកត់សម្គាល់ផងដែរថា តាមរយៈកម្មវិធីអាហារូបករណ៍របស់សហភាពអឺរ៉ុប បញ្ញវន្តខ្មែររាប់រយនាក់ ដែលមានទាំងសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ វិស្វករ និងអ្នកបច្ចេកទេស បានទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជួយអភិវឌ្ឍសង្គមកម្ពុជា។ ពួកគេបានចូលរួមចំណែកក្នុងក្របខណ្ឌវិស័យអប់រំចំណេះដឹងទូទៅ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស បច្ចេកវិទ្យា និងមុខជំនួញផ្សេងៗ។


លោកបានបន្ថែមទៀតថា នៅក្នុងបរិបទបច្ចេកវិទ្យាដែលមានការរីកចម្រើនយ៉ាងលឿន និងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក គ្រប់វិស័យ គឺជារឿងចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម និងសង្គមជាតិ។



ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើទំនើបកម្មគ្រឹះស្ថាន និងប្រព័ន្ធបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានភាពរស់រវើក និងផ្សារភ្ជាប់ទៅនឹងទីផ្សារឧស្សាហកម្ម ព្រមទាំងតម្រូវការនាពេលអនាគត។ បច្ចុប្បន្ន ក្រសួងក៏កំពុងពង្រីកការបណ្តុះបណ្តាលជំនាញឌីជីថល ជំនាញស្វ័យប្រវត្តិកម្ម និងជំនាញបច្ចេកវិទ្យាបៃតង ព្រមទាំងលើកកម្ពស់ការចុះកម្មសិក្សាដែលអនុញ្ញាតឱ្យសិក្ខាកាមរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង។



មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសន្ទនាថ្ងៃនេះ នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប កាន់តែស៊ីជម្រៅថែមទៀត។ លើសពីនេះ វានឹងបង្កើតនូវឱកាសថ្មីៗជាច្រើនសម្រាប់ការស្រាវជ្រាវរួមគ្នា ផ្តោតលើកំណើនបៃតង, នវានុវត្តន៍ឌីជីថល និងឧស្សាហកម្មប្រកបដោយនិរន្តរភាព។


ដោយ៖ តារា
