ថៃ Enquirer ផ្សាយ​ព័ត៌មាន​ខុស! ចំណងជើង​និង​ខ្លឹមសារ​ផ្ទុយគ្នា ចោទ​កម្ពុជា​ដាក់​មីន​ថ្មី​គ្មាន​មូលដ្ឋាន។

ថៃ Enquirer ផ្សាយ​ព័ត៌មាន​ខុស! ចំណងជើង​និង​ខ្លឹមសារ​ផ្ទុយគ្នា ចោទ​កម្ពុជា​ដាក់​មីន​ថ្មី​គ្មាន​មូលដ្ឋាន។

សារព័ត៌មានថៃ «Thai Enquirer» បានបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានចេញផ្សាយព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលមានកំហុសឆ្គងទាំងផ្នែកបច្ចេកទេសក្នុងការបង្ហាញអត្ថបទ និងខ្លឹមសារដែលចោទប្រកាន់ បំភ្លៃការពិតទៅលើហេតុការណ៍ទាហានថៃជាន់មីន កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ចំណងជើង សារព័ត៌មាននេះបានសរសេរថា៖ «ព្រះមហាក្សត្រ និងអគ្គមហេសី បានយាងទៅដល់ចិនសម្រាប់ទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្រដោយមហាក្សត្រថៃ»។

ASEAN Summit
ប៉ុន្តែនៅពេលមើលទៅខ្លឹមសារសង្ខេបវិញ បែរជាសរសេរថា៖ «ភស្តុតាងនៃយោធាកម្ពុជាដាក់មីនថ្មី បានបញ្ចេញ ដែលបញ្ជាក់នូវការរំលោភសន្ធិសញ្ញាសន្តិភាពចុះហត្ថលេខាក្នុងទីក្រុងកូឡាឡាំពួ ក្នុងខែតុលា ឆ្នាំ២០២៥ ខណៈដែលម៉ាឡេស៊ីជាថ្មីម្តងទៀតបានសុខចិត្តធ្វើជាអ្នកសម្របសម្រួលចំពោះជម្លោះកើនឡើងរវាងថៃនិងកម្ពុជា ប៉ុន្តែការជជែកនឹងត្រូវធ្វើឡើងនៅកូឡាឡាំពួម្តងទៀត»។

ខ្លឹមសារសង្ខេបនេះ មិនត្រឹមតែមិនបានគាំទ្រចំណងជើងដែលនិយាយពីព្រះរាជដំណើររបស់ព្រះមហាក្សត្រថៃនោះទេ តែបែរជាមានចរិតចោទប្រកាន់ទៅលើយោធាកម្ពុជាថាជាអ្នកដាក់មីនថ្មីទៅវិញ ដែលនេះជាការផ្ទុយពីការពិតជាក់ស្តែង គ្មានមូលដ្ឋាន និងប្រភពបញ្ជាក់ឡើយ។ រហូតមកដល់ពេលនេះ សូម្បីតែភាគីម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងកំពុងដឹកនាំក្រុមអង្កេតការណ៍ ក៏មិនទាន់បានលើកឡើងថាភាគីណាមួយជាអ្នកដាក់មីននោះដែរ។

Malaysian Foreign Minister Mohamad Hasan
ទោះបីយ៉ាងណា កាលពីដំបូង រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានអះអាងដោយយោងតាមរបាយការណ៍អ្នកអង្កេតការណ៍អាស៊ានថា ជាមីនចាស់ ប៉ុន្តែមួយថ្ងៃក្រោយមក លោកក៏បានធ្វើការកែតម្រូវវិញថា មីននោះជាមីនថ្មី។

ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះមីននេះ ដែលនាំឱ្យមានភាពតានតឹងឡើងវិញ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្រុមអង្កេតការណ៍អាស៊ាន (AOT) រាយការណ៍ថា មីនដែលផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស គឺជាមីនចាស់។ ប៉ុន្តែក្រោយមក ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីនេះ បានទទួលស្គាល់ពីកំហុសផ្នែកបកប្រែពីខ្លឹមសារដើមជាភាសាម៉ាឡេ។

Bernama បានរាយការណ៍នៅថ្ងៃទី១៤ ខែវិច្ឆិកាថា មូលហេតុដើមនាំឱ្យមានកំហុសនេះ គឺការបកប្រែទាក់ទងនឹងសម្រង់សម្តីដែលផ្តល់ដោយរដ្ឋមន្ត្រីការបរទេសនៅ Bahasa Melayu ដែលបានផ្លាស់ប្តូរអត្ថន័យនៃសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីដោយអចេតនា។

ប្រយោគមិនត្រឹមត្រូវនៅក្នុងការបកប្រែជាភាសាអង់គ្លេសបានសរសេរថា «ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថា ពួកគេ «មីន» មិនមែនជាគ្រាប់មីនថ្មីទេ»។ ឃ្លានេះផ្ទុយនឹងព័ត៌មានដែលបានរាយការណ៍នៅក្នុងអត្ថបទដើមជាភាសាម៉ាឡេ។

Thai demining team
ការកែប្រែឱ្យត្រឹមត្រូវ គឺមានខ្លឹមសារបែបនេះ៖ «ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ និងកម្ពុជាបានរាយការណ៍ថាវាជាគ្រាប់មីនថ្មី.. ខ្ញុំទើបតែបានទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ។ ក្តីសង្ឃឹមរបស់ខ្ញុំគឺឱ្យភាគីទាំងពីរអត់ធ្មត់ និងបន្តការចរចាសន្តិភាព»។

ដូច្នេះ ផ្អែកតាមសំណេររបស់សារព័ត៌មានថៃ និងអត្ថបទផ្សាយបន្តបន្ទាប់ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងយោងបន្តពីរបាយការណ៍របស់ក្រុមអង្កេតការណ៍អាស៊ាន គឺគ្មានចំណុចណាមួយបញ្ជាក់ថា «យោធាកម្ពុជាដាក់មីនថ្មី» នោះឡើយ។

រ៉ាន់ រើយ

administrator

Related Articles