រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ មានករណីទុស្សេខ្សែភ្លើងលើបង្គោលភ្លើងបេតុងមួយដើម ស្ថិតនៅក្បែរវត្តកំពែង តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះ។

តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ស្រាប់តែគេឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីបង្គោលភ្លើងខាងលើ រួចមកក៏មានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង។


ក្រោយពីឃើញហេតុការណ៍មិននឹកស្មានដល់នេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ដែរ តែដោយសារភ្លើងឆេះខ្លាំងពេកក៏មិនអាចរលត់ទៅវិញបាន ទើបពួកគាត់សម្រេចចិត្តរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យតែម្តង។



ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំនៅសាលាខណ្ឌដង្កោ បានចេញទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការបាញ់ទឹកពន្លត់អស់មួយរថយន្ត ទើបភ្លើងឆេះលើបង្គោលភ្លើងនោះរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល។




ជាសំណាងល្អ ហេតុការណ៍អគ្គិភ័យនេះមិនបានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ ឬរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្បែរនោះឡើយ គ្រាន់តែបណ្តាលឲ្យខូចខាតខ្សែភ្លើងនិងខ្សែកាប្លិ៍អុបទិកមួយចំនួនប៉ុណ្ណោះ៕




