សហរដ្ឋអាមេរិកធ្លាប់ជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃ ដោយទទួលទំនិញដល់ទៅ ១៨,៣% ឬស្មើនឹង ៥៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។
ប៉ុន្តែថ្មីៗនេះ លោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបង្កការភ្ញាក់ផ្អើលដោយគំរាមថា នឹងផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានដំឡើងពន្ធ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ លោកបានទទូចឱ្យរដ្ឋាភិបាលបាងកកគិតគូរពីប្រយោជន៍ជាតិ និងប្រជាជនជាមុនសិន ដោយមិនបាច់ខ្វល់រឿងពន្ធ។
ការគំរាមកំហែងនេះបានបង្កក្ដីបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនួញ និងប្រជាជនថៃ ដោយខ្លាចថាវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេស។ អ្នកខ្លះថែមទាំងចោទលោក អនុទីន ថាហាក់មិនគិតគូរពីសុខទុក្ខប្រជាជន។

បើថៃសម្រេចចិត្តងាកចេញពីអាមេរិកមែន តើប្រទេសណាខ្លះនឹងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បន្ទាប់? ខាងក្រោមនេះជាទីផ្សារនាំចេញធំៗទាំង ៥ របស់ថៃ ក្រៅពីសហរដ្ឋអាមេរិក៖
១. ចិន: ជាដៃគូនាំចេញធំលំដាប់ទី២ និងជាដៃគូពាណិជ្ជកម្មសរុបធំបំផុតរបស់ថៃ។ ចិនជាគោលដៅសំខាន់សម្រាប់ផលិតផលកសិកម្មដូចជាផ្លែឈើ ដំណាប់ និងគ្រឿងបន្លាស់។
២. ជប៉ុន: មានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជិតស្និទ្ធ ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេឡិចត្រូនិច។
៣. ម៉ាឡេស៊ី: ជាផ្នែកមួយនៃទីផ្សារអាស៊ានដ៏មានយុទ្ធសាស្ត្រ ដែលនាំចេញផលិតផលអេឡិចត្រូនិច គ្រឿងបន្លាស់ និងកៅស៊ូ។
៤. អូស្ត្រាលី: មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (TAFTA) ដែលជំរុញទំហំពាណិជ្ជកម្មទ្វេភាគី។ ថៃនាំចេញគ្រឿងបន្លាស់រថយន្ត គ្រឿងយន្ត ផលិតផលកែច្នៃអាហារ និងគ្រឿងអលង្ការ។
៥. វៀតណាម និងសិង្ហបុរី: ថៃនាំចេញប្រេងឥន្ធនៈ ផ្លាស្ទិក គ្រឿងបន្លាស់យានយន្ត និងម៉ាស៊ីនទៅវៀតណាម។ រីឯសិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ សម្រាប់ចែកចាយផលិតផលបច្ចេកវិទ្យា និងអេឡិចត្រូនិចថៃទៅទីផ្សារសកល។
