បុគ្គលិក Starbucks ជាង ១,០០០ នាក់ រួមទាំងអ្នកឆុងកាហ្វេផងដែរ មកពីជាង ៤០ ទីក្រុងទូទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានបង្កើនការទាមទារឱ្យមានការចរចាលើកិច្ចព្រមព្រៀងរួម ដើម្បីដំឡើងប្រាក់ខែ និងបង្កើនចំនួនបុគ្គលិកនៅក្រុមហ៊ុនកាហ្វេយក្សមួយនេះ។
សហជីព Starbucks Workers United បានប្រកាសថា ការដើរចេញនេះនឹងចាប់ផ្តើមពីហាងចំនួន ៦៥ កន្លែង ដែលចំពេលជាមួយ “ទិវា Red Cup” ដែលជាព្រឹត្តិការណ៍លក់ដ៏មមាញឹកបំផុតមួយ ដែលតែងតែទាក់ទាញអតិថិជនរាប់លាននាក់ឱ្យចូលហាងកាហ្វេជាង ១៧,០០០ កន្លែងនៅសហរដ្ឋអាមេរិក។ 
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Starbucks បានប្រាប់សារព័ត៌មាន Reuters ថា រហូតមកដល់ពេលនេះ ការតវ៉ានេះមានផលប៉ះពាល់តិចតួចបំផុត ដោយមានហាងតិចជាង ១% ប៉ុណ្ណោះដែលរងការរំខាន។ 
សហជីពដែលតំណាងឱ្យនិយោជិតប្រហែល ៥៥០ ហាង នៅសហរដ្ឋអាមេរិក គ្រោងនឹងប្រមូលផ្តុំគ្នានៅម៉ោង ៤ ល្ងាច (ម៉ោងក្នុងស្រុក) នៅក្នុងទីក្រុងជាង ១០ ហើយបានព្រមានថា បាតុកម្មនេះអាចនឹងក្លាយជាការតវ៉ាដ៏ធំ និងវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Starbucks ។ 
បុគ្គលិកឆុងកាហ្វេជាច្រើននាក់ដែលកំពុងតវ៉ានៅតាមហាងនានា ក្នុងទីក្រុង Manhattan និង Brooklyn បានប្រាប់ Reuters ថា ពួកគេចង់ឱ្យនិយោជករបស់ពួកគេត្រឡប់មកតុចរចាវិញ ហើយផ្តល់ឱ្យពួកគេនូវកាលវិភាគការងារ និងប្រាក់ឈ្នួលដែលល្អប្រសើរជាងមុន។ 
ហាងនានានៅក្នុងទីក្រុងដូចជា Seattle, New York, Philadelphia, Dallas, Austin និង Portland នឹងចូលរួមក្នុងការបញ្ឈប់ការងារនេះ។ សហជីពនេះតំណាងឱ្យបុគ្គិកប្រហែល ៩,៥០០ នាក់ ឬស្មើនឹង ៤% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុនកាហ្វេនេះ។ 
ការតវ៉ានេះកើតឡើងស្របពេលដែលនាយកប្រតិបត្តិលោក Brian Niccol កំពុងបិទហាងរាប់រយដែលដំណើរការមិនល្អ រួមទាំងសាខាដ៏ល្បីនៅ Seattle ផងដែរ។ លោកកំពុងផ្តោតលើការកែលម្អពេលវេលាបម្រើសេវាកម្ម និងបទពិសោធន៍ក្នុងហាង ដើម្បីស្តារតម្រូវការទីផ្សារឡើងវិញនៅសហរដ្ឋអាមេរិក។ 
ការពិភាក្សារវាងសហជីព និងក្រុមហ៊ុនបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីអូសបន្លាយអស់រយៈពេលប្រហែលប្រាំបីខែ ដោយសារបុគ្គលិកបានតវ៉ាអំឡុងពេលថ្ងៃឈប់សម្រាកដ៏សំខាន់។ លោក Niccol បានថ្លែងកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលលោកចូលកាន់តំណែងជានាយកប្រតិបត្តិថា លោកប្តេជ្ញាធ្វើការសន្ទនា ប៉ុន្តែលោកស្រី Lynne Fox ប្រធានអន្តរជាតិនៃសហជីព បាននិយាយថារឿងរ៉ាវបានផ្លាស់ប្តូរនៅពេលដែលលោក Niccol ឡើងកាន់តំណែង។
