ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោរម៉ូតូមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចមុខបន្ទប់ជួលមួយកន្លែង លើផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ណុល ដាវី ភេទប្រុស អាយុ ២០ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនបាន មានឈ្មោះ សាន វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃដដែល ត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681 (លេខតួ និងលេខម៉ាស៊ីន 0162457) ចំនួនមួយគ្រឿង, ទួណឺវីសចំនួន ០២, សោលេខ ១០ ចំនួន ០១ និងកូនសោម៉ូតូចំនួន ០១។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ៣:០០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ណុល ដាវី បានជិះម៉ូតូ HONDA DREAM C125 មួយគ្រឿងចេញពីកន្លែងផឹកស៊ីនៅម្តុំផ្សារខេម៉ល ផ្លូវវេងស្រេង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រឡប់មកបន្ទប់ជួលរបស់ខ្លួនវិញ។ ពេលមកដល់ ជនរងគ្រោះបានចតម៉ូតូនៅខាងមុខបន្ទប់ជួល ដោយបានចាក់សោរ និងបិទសន្ទះសុវត្ថិភាពម៉ូតូយ៉ាងត្រឹមត្រូវ រួចក៏ចូលទៅសម្រាក។ លុះដល់វេលាម៉ោង ៧:៣០ នាទីព្រឹក ជនរងគ្រោះភ្ញាក់ពីដំណេក ហើយចេញមកខាងក្រៅ ក៏ស្រាប់តែបាត់ម៉ូតូខាងលើតែម្តង។ ភ្លាមៗនោះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចាប់ផ្តើមធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធ GPS ដែលបំពាក់ជាប់នឹងម៉ូតូ។ ប្រព័ន្ធ GPS បានបង្ហាញទីតាំងថា ម៉ូតូត្រូវបានផ្តាច់នៅចំណុចផ្ទះគ្មានលេខមួយកន្លែង ស្ថិតនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឈានដល់វេលាម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន វាសនា រួមជាមួយវត្ថុតាងទាំងអស់ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរតាមនីតិវិធី។

បន្ទាប់ពីការសាកសួរ ជនសង្ស័យ សាន វាសនា បានឆ្លើយសារភាពថា បក្ខពួករបស់ខ្លួនម្នាក់ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (កំពុងរត់គេចខ្លួន) ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះយកមកផ្ទះរបស់ខ្លួន ហើយក៏បានផ្តាច់ប្រព័ន្ធ GPS ចេញពីម៉ូតូនោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

ដោយ៖ ភារ៉ា ដង្កោ
