កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនគោលអន្តរជាតិ Vattanac Legends Championship លើកដំបូង! (ចាប់ផ្តើម ១៩ វិច្ឆិកា ២០២៥)

កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនគោលអន្តរជាតិ Vattanac Legends Championship លើកដំបូង! (ចាប់ផ្តើម ១៩ វិច្ឆិកា ២០២៥)

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអនុញ្ញាតឱ្យអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស៊ីជម្រៅ អំពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship។ ព្រឹត្តិការណ៍កីឡាដ៏ធំកម្រិតអន្តរជាតិមួយនេះ នឹងប្រារព្ធធ្វើឡើងជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីកីឡាករអាជីពឆ្នើមលំដាប់ពិភពលោកចំនួន ៦០រូប មកពី ១៦ប្រទេស រួមមាន អាហ្សង់ទីន បារាំង ស៊ុយអ៊ែត អេស្ប៉ាញ ហូឡង់ អៀរឡង់ ស្កុតលែន ឥណ្ឌា ណូវែលសេឡង់ ប្រេស៊ីល អូទ្រីស អង់គ្លេស អាល្លឺម៉ង់ សាធារណរដ្ឋអាហ្វ្រិកខាងត្បូង អៀរឡង់ខាងជើង និងអ៉ីតាលី។ នេះពិតជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមក។



ក្នុងជំនួបដ៏មានអត្ថន័យនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏ដូចជា វឌ្ឍនៈ គ្រុប ទាំងមូល ដែលជានិច្ចកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង តាមគ្រប់រូបភាព និងមធ្យោបាយ នៅក្នុងរាល់ព្រឹត្តិការណ៍ទេសចរណ៍ ពិព័រណ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ក្រសួងទេសចរណ៍។ ការចូលរួមចំណែកនេះ បានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាកិត្តិនាមរបស់ប្រទេសជាតិឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិបែបនេះ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញថា កម្ពុជា មិនត្រឹមតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំបានយ៉ាងជោគជ័យផងដែរ។ ក្រសួងទេសចរណ៍បានប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship នេះ និងនឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ដើម្បីឱ្យព្រឹត្តិការណ៍នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។


ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ធ្វើនៅទីស្តីការក្រសួងទេសចរណ៍, ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយ ៖ សិលា

administrator

Related Articles