សៀមរាប៖ ក្រពើចំនួន ៣០ក្បាល បានរត់ចេញពីទ្រុងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងព្រួយបារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុងភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ករណីនេះ កើតឡើងនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយហ្វូងក្រពើទាំងនោះបានខាំហែកសន្ទះក្តារទ្រុង ហើយចេញពីអាង។ គិតមកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ម្ចាស់កសិដ្ឋានបានតាមចាប់មកវិញចំនួន ២៦ក្បាលហើយ នៅសល់៤ក្បាលទៀតកំពុងបន្តស្វែងរក។

ប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីម្សិលមិញនេះ ពួកគេបានប្រទះឃើញសត្វក្រពើជាច្រើនក្បាល នៅតាមប្រឡាយ និងតាមវាលស្រែ ដែលធ្វើឱ្យអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបដឹងថា សត្វក្រពើទាំងនោះបានរបូតចេញពីកសិដ្ឋានចិញ្ចឹមក្រពើ។

តាមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ម្ចាស់កសិដ្ឋានរូបនេះ មានឈ្មោះឈឿង ស៊ីម៉ាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ គាត់ចិញ្ចឹមក្រពើសរុបចំនួន ៧៣ក្បាល។ លោក ស៊ីម៉ាក់ បានដឹងអំពីការរបូតក្រពើនេះ នៅពេលព្រឹកឡើង ហើយក៏បានផ្អើលឆោឡោតាមស្វែងរកចាប់ភ្លាមៗ។

ការតាមចាប់សត្វក្រពើបាន ២៦ក្បាល គិតមកដល់រសៀលម្សិលមិញនេះ ប៉ុន្តែនៅសល់ ៤ក្បាលទៀត ដែលម្ចាស់ និងប្រជាពលរដ្ឋកំពុងបន្តស្វែងរកតាមប្រឡាយ និងអូរ។ បញ្ហានេះកាន់តែលំបាក ដោយសារទឹកជំនន់ហូរមកពីស្រុកវ៉ារិន ដែលធ្វើឱ្យការស្វែងរក និងចាប់ក្រពើមករឹតតែពិបាក។




