រាជធានីភ្នំពេញបារម្ភ! គ្រោះថ្នាក់អគ្គិភ័យកើនឡើងខ្លាំង អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់!

រាជធានីភ្នំពេញបារម្ភ! គ្រោះថ្នាក់អគ្គិភ័យកើនឡើងខ្លាំង អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់!

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ ដែល​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​ថ្មីៗ​នេះ ជាពិសេស​ក្នុង​ខែតុលា​កន្លង​ទៅ​។

ការ​កោតសរសើរ និង​ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ជួប ខុន សមាជិក​ក្រុមប្រឹក្សា និង​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​។ ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពី​អគ្គិភ័យ​នេះ គឺ​ដោយសារ​តែ​ករណី​អគ្គិភ័យ​បាន​កើតឡើង​ជា​បន្តបន្ទាប់ និង​បាន​បណ្ដាល​ឲ្យ​មាន​សោកនាដកម្ម​បាត់បង់​អាយុជីវិត​ទៀត​ផង​។
រូបភាពអគ្គិភ័យ

ជាក់ស្ដែង គេ​នៅ​ចាំ​បាន​ពី​សោកនាដកម្ម​ថ្មីៗ​បំផុត​ដែល​ផ្ទះ​ចំនួន​៣​ល្វែង​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ម្ដាយ​និង​កូនស្រី​ម្នាក់​បាន​បាត់បង់ជីវិត និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​ចំនួន​៣​នាក់​បាន​រង​របួស​ផង​ដែរ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៥ នៅ​ផ្ទះ​លេខ​៩៣A ផ្លូវ​លេខ​២៤៧ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។
រូបភាពអគ្គិភ័យ

នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ឈ្មោះ គឹ​ម សៀវ​ឡុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ ហើយ​ផ្ទះ​ជា​ប្រភេទ​សំណង់​បេតុង​មាន​ទំហំ​៤​ម៉ែត្រ​គុណ​១៤​ម៉ែត្រ​។ អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ផ្ទះ​ថ្ម​ទំហំ​៤​ម៉ែត្រ​x១៤​ម៉ែត្រ​ចំនួន​៣​ល្វែង ម៉ូតូ​ចំនួន​៤​គ្រឿង និង​គ្រឿង​សម្ភារៈ​អេ​ត​ចាយ​ជាច្រើន​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។ ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ចំនួន​១៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣៦​រថយន្ត រថយន្ត​ជំនួយ​ទីក្រុង​ជ្រោយចង្វា​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​រថយន្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​ប៉េង ហួត ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​រថយន្ត​។ ភ្លើង​បាន​រលត់ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា​។
រូបភាពអគ្គិភ័យ

ក្នុង​ករណី​ដាច់​ដោយឡែក​មួយទៀត បន្ទប់​ដាក់​ម៉ូតូ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​បាន​ត្រូវ​ភ្លើង​ឆេះ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​នៅ​ជាន់​ទី​៣ ភិតភ័យ​ក៏​លោត​ចុះ​មក​ក្រោម​ស្លាប់ ហើយ​ប្តី​របួស​ធ្ងន់​។ មុន​នេះ​ដែរ ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់​មួយ​កន្លែង​ក៏បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ស្លាប់​មួយ​គ្រួសារ​ដែល​មាន​សមាជិក​៤​នាក់​ផង​ដែរ​។ សោកនាដកម្ម​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
រូបភាពអគ្គិភ័យ

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ការិយាល័យ​ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤​រថយន្ត និង​រថយន្ត​ជំនួយ​មក​ពី​កងពលតូច​លេខ​៧០ ចំនួន​៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​រថយន្ត​។ ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ ដែល​ជា​ប្រភេទ​ថ្ម​ក្រោម និង​ខាងលើ​ស័ង្កសី ទំហំ​៥​ម៉ែត្រ​x២០​ម៉ែត្រ ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង​ឡើយ​។ យោង​តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា មូលហេតុ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ករ​ជា​អគ្គិភ័យ​។
រូបភាពអគ្គិភ័យ

លោក​ឧត្តមសេនីយ៍ទោ សឿ រិ​ទ្ធី អនុប្រធាន និង​ជា​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្តែង​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​កើនឡើង​ករណី​អគ្គិភ័យ​នៅ​ដើមឆ្នាំ​២០២៥​នេះ​។ ត្រឹមតែ​រយៈពេល​១​ខែ​១០​ថ្ងៃ អគ្គិភ័យ​បាន​កើតឡើង​ច្រើន​លើសលប់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៩​នាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​។

លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បាន​ថ្លែង​ដែរ​ថា អគ្គិភ័យ​នៅ​ដើមឆ្នាំ​២០២៥ កើតមាន​ច្រើន​លើ​រោងចក្រ និង​ក្លិប​កម្សាន្ត​ដែល​ពុំ​មាន​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ អគ្គិភ័យ​បាន​កើតឡើង​ចំនួន​២៦៦​លើក ពោល​គឺ​ថយ​ចុះ​ចំនួន​៣១​លើក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​អគ្គិភ័យ​មាន​ចំនួន​១៤​នាក់ ពោល​គឺ​កើនឡើង​ចំនួន​៧​នាក់​។ រីឯ​ចំនួន​ផ្ទះ​និង​តូប​ដែល​បាន​ឆេះ​មានការ​ថយ​ចុះ​ច្រើន​។

administrator

Related Articles