ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ និងចូលរួមកាត់បន្ថយភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ចែងមន្ត្រីពីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាទៅចែកជូនចំនួន ១.៩២៥ គ្រួសារ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងចំណោមគ្រួសារងាយរងគ្រោះសរុបជិត ២ពាន់គ្រួសារនេះ ៩១០គ្រួសារស្ថិតនៅក្នុងខេត្តក្រចេះ (ស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែក ១.០១៥គ្រួសារទៀត គឺនៅខេត្តស្ទឹងត្រែង (ស្រុកសៀមបូក ៥១២គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ)។ 
សូមបញ្ជាក់ថា អំណោយមួយឈុតសម្រាប់គ្រួសារនីមួយៗរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប រួមជាមួយនឹងឃីតចំនួន ១កញ្ចប់ (មានមុង ភួយ សារុង និងក្រមា)។ អំណោយទាំងនេះបង្ហាញពីសមានចិត្តដ៏ធំធេង និងការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ស តារា
