ខេត្តកំពង់ធំ៖ ករណីបាត់ខ្លួនរបស់នារីវ័យក្មេងម្នាក់ដែលជាបុគ្គលិកអង្គការអង្គរគ្រួសារខ្មែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះត្រូវបានបែកធ្លាយថា ជានរណីឃាតកម្មដ៏សាហាវឃោរឃៅ បន្ទាប់ពីសមត្ថកិច្ចរកឃើញសពរបស់នាងត្រូវបានឃាតករសម្លាប់ រួចយកទៅកប់បំបិទមាត់នៅក្រោយផ្ទះ ក្នុងភូមិឫស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ រស់នៅភូមិឫស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ ហើយថែមទាំងយកអំបិលប្រឡាក់ រួចកប់ចោលរហូតសាកសពហើមស្អុយរលួយ។ នាងបានបាត់ខ្លួនជាច្រើនថ្ងៃ បន្ទាប់ពីចេញទៅទារលុយពីកូនបំណុល។

លុះរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីប្រទះឃើញសាកសពរបស់នារីរងគ្រោះ ហ៊ីម ទីណា ដែលត្រូវបានឃាតកសម្លាប់ ហើយយកទៅកប់លាក់បំបិទមាត់យ៉ាងសាហាវឃោរឃៅ។

សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាជនសង្ស័យដែលជាជនដៃដល់ឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ ហើយកំពុងតែបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់។ នេះពិតជាអំពើឃាតកម្មដ៏ព្រៃផ្សៃ និងមិនគួរឲ្យកើតមានឡើងទាល់តែសោះ។


យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពនារីរងគ្រោះ និងសង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ចនឹងអាចចាប់ខ្លួនឃាតករមកផ្ដន្ទាទោសតាមច្បាប់បានឆាប់ៗបំផុត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

