(រាជធានីភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីក្រើនរំឭកជាបន្ទាន់នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយអំពាវនាវដល់សាធារណជនទូទៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះល្បិចបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ដោយអចេតនា។
ក្នុងរយៈពេលកន្លងមក ក្រុមជនល្មើសបានប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងរូបភាពថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គមក្នុងគោលបំណងទុច្ចរិត បោកប្រាស់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋស្លូតត្រង់។
មិនតែប៉ុណ្ណោះ ពួកជនល្មើសទាំងនេះក៏បានប្រើល្បិចបោកបញ្ឆោតក្នុងទម្រង់ផ្សេងៗជាច្រើនទៀតដូចជា៖ ការក្លែងបន្លំខ្លួនជាសាច់ញាតិដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ភ្លាមៗ, ការក្លែងខ្លួនជាបុគ្គលិកគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីការឈ្នះរង្វាន់ ឬឱកាសការងារល្អៗ ដោយតម្រូវឱ្យជនរងគ្រោះផ្ញើប្រាក់ជាមុនជាថ្នូរនឹងការទទួលបានប្រាក់រង្វាន់ ឬការងារនោះ។ លើសពីនេះ ក៏មានករណីបោកបញ្ឆោតឱ្យទិញគណនីធនាគារ ឬលេខទូរស័ព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ផងដែរ។
ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់បោកបញ្ឆោតរបស់ជនទុច្ចរិតទាំងនេះ ដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ជាយថាហេតុ ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់សាធារណជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។
សូមកុំចុចលើតំណភ្ជាប់ គេហទំព័រ ឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់ដាច់ខាត។ ជាពិសេស សូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលក់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនទៅឱ្យបុគ្គលណាផ្សេងឡើយ។
ក្នុងករណីមានការបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ សូមរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការទាន់ពេល។ សម្រាប់ព័ត៌មានផ្លូវការណាមួយដែលពាក់ព័ន្ធនឹងធនាគារជាតិនៃកម្ពុជា សូមចូលទៅកាន់បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ។
