ព្រឹទ្ធសភាកម្ពុជា៖ ថៃដើរតួជាចៅក្រម គណៈវិនិច្ឆ័យ និងពេជ្ឈឃាត ក្រោយបាញ់ពលរដ្ឋខ្មែរស្លាប់របួស

ព្រឹទ្ធសភាកម្ពុជា៖ ថៃដើរតួជាចៅក្រម គណៈវិនិច្ឆ័យ និងពេជ្ឈឃាត ក្រោយបាញ់ពលរដ្ឋខ្មែរស្លាប់របួស

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស៊ីវិលស្លូតត្រង់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ ៣:៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់។ លោកបានសង្កត់ធ្ងន់ថា «ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកត្រូវជាឯកតោភាគី» ទាំងដែលការបាញ់ប្រហារនោះធ្វើឡើងដោយភាគីថៃទៅវិញ។

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ការវាយប្រហារលើពលរដ្ឋស៊ីវិលនេះកើតឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនលើកច្រើនសារអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ឱ្យមានការប៉ះទង្គិចគ្នា។

លោក ជា ធីរិទ្ធ បានសង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា «ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)»។
Border Incident

ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកអំពើឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ ដែលបណ្ដាលឱ្យជនស៊ីវិលខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោភបំពានដោយផ្ទាល់ទៅលើយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលបានបង្កើតឡើង។ ហេតុការណ៍ដ៏សោកសង្រេងនេះកើតឡើងបើទោះបីជាមានសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការអនុវត្តប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌រួមគ្នាក៏ដោយ។

ព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ភាគីថៃបានប្រឌិតការចោទប្រកាន់មិនពិតជាបន្តបន្ទាប់ រួមទាំងបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែន ដើម្បីធ្វើជាលេសសម្រាប់អាកប្បកិរិយាអរិភាពរបស់ខ្លួន។ កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋានអស់ទាំងនេះ។ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា «យើងមានការសោកស្តាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្តាលផង ជំនួសឱ្យការគោរពគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក»។

លោក ជា ធីរិទ្ធ បានបន្ថែមថា «ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកណាត្រូវជាឯកតោភាគី។ ភាពក្រអឺតក្រទមបែបនេះ មិនសាកសមទាល់តែសោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកនោះទេ»។
Cambodia Thailand Border

ចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយចៀសវាងមិនធ្វើការវាយបក បើទោះជាមានការញុះញង់បង្កហេតុជាច្រើនលើកច្រើនសារក៏ដោយ។ កម្ពុជាបានគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និងភាពជាអ្នកជិតខាងល្អ។ ប៉ុន្តែកម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាព ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។ ព្រឹទ្ធសភាកម្ពុជាក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

administrator

Related Articles