ប្រទេសថៃបានប្រកាសដាក់ខេត្ត Singburi ជាតំបន់អាសន្ន បន្ទាប់ពីហេតុការណ៍បាក់ទំនប់ Borommathat មួយកន្លែងបានកើតឡើង កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់នេះ បានបង្កជាជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ វាយលុកតំបន់ជាច្រើន រួមទាំងឃុំ Chaksi ផងដែរ ដែលធ្វើឲ្យខូចខាតទ្រង់ទ្រាយធំ និងបង្ខំឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសខ្លួនទាំងយប់រត់គេចទៅកាន់ទីទួលសុវត្ថិភាព។

(រូបថត៖ Amarin)
តាមការផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ទឹកបានហូរច្រោះយ៉ាងគំហុក បន្ទាប់ពីទំនប់ Borommathat បាក់បែក ធ្វើឲ្យភូមិដ្ឋាន និងដីស្រែចម្ការរាប់រយហិកតាត្រូវលិចលង់។ ស្ថានភាពនេះបានបង្កការភិតភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលបានប្រញាប់ប្រញាល់ប្រមែប្រមូលទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ចាំបាច់ ដើម្បីផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាព ខណៈអាជ្ញាធរមូលដ្ឋានកំពុងចុះពិនិត្យស្ថានការណ៍ និងចាត់វិធានការជួយសង្គ្រោះជាបន្ទាន់។
(រូបថត៖ Amarin)
ជុំវិញភាពអាសន្ននេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីប្រកាសអាសន្ន និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់រងគ្រោះ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានរាល់ព័ត៌មាន និងសេចក្តីជូនដំណឹងនានាពីអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ អាជ្ញាធរក៏បានត្រៀមកម្លាំងជួយសង្គ្រោះ និងជំនួយមនុស្សធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋរងគ្រោះផងដែរ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ទំនប់នៅថៃ ជន់លិចនិងបំផ្លិចបំផ្លាញផ្ទះពលរដ្ឋ រាប់រយខ្នង
