ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក ដែលជាទំនិញរបស់ប្រទេសថៃ រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព អាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ផលិតផលខុសច្បាប់ទាំងនេះ ត្រូវបានដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង ១តោន និង៦០គីឡូក្រាម ដែលគ្រោងនឹងយកទៅដុតបំផ្លាញចោល។

លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រី ក.ប.ប. ខេត្ត ធ្វើការឃាត់បាននាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

លោកស្នងការរងបន្តថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កកនេះ ដឹកតាមរថយន្តមួយគ្រឿងរបស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-2050 ក្នុងទិសដៅពីឫស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ភុំ ផៃឌឿន បញ្ជាក់ថា ក្រោយត្រួតពិនិត្យ និងបង្ក្រាបបាន កម្លាំងរបស់លោកបានធ្វើកំណត់ហេតុដកហូតរថយន្ត និងទំនិញបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី ហើយបានដឹកយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក អ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប. ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ គឺជាទំនិញរបស់ប្រទេសថៃ គ្មានប្រភពច្បាស់លាស់ គ្មានឯកសារអនុញ្ញាត ហើយក៏គ្មានការវេចខ្ចប់រក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារឡើយ។

សម្រាប់បញ្ញើដឹកតាមរថយន្តខាងលើ ក៏គ្មានប្រភពម្ចាស់ទំនិញច្បាស់លាស់ផងដែរ។ ដូច្នេះហើយ ផលិតផលទាំងនេះសង្ស័យខូចគុណភាពទាំងអស់ ដាច់ខាតត្រូវដកហូត និងត្រូវយកទៅដុតកម្ទេចចោល ដើម្បីជាការព្រមានឱ្យបញ្ឈប់ការនាំចូលផលិតផលសមុទ្របង្កកពីប្រទេសថៃបន្តទៀត។

