ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកទ្រាំង ខេត្តតាកែវ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយក្រុម ដែលតែងតែហៅខ្លួនឯងថា «ក្រុមលំពែងពិឃាត» កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៣០នាទី។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតវត្ថុតាងជាគ្រឿងញៀនជាច្រើនកញ្ចប់。

លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងដូនកែវ និងប៉ុស្តិ៍នគរបាលសង្កាត់រកាក្រៅ រួមទាំងលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ បានចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (០១ករណី និង ២ទីតាំង)។

ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនមាន៖
១/. ឈ្មោះ ជ្រឹន ស៊ីណេន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់)។
២/. ឈ្មោះ ង៉ែត ផានផារ៉ុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ (ជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់)។
៣/. ឈ្មោះ ម៉េង រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ជាប់ពាក់ព័ន្ធដឹកជញ្ជូន)។
៤/. ឈ្មោះ ខែម សុខេន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ。

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបន្តកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
