ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាដាស់តឿនដល់អភិបាលខណ្ឌទើបឡើងកាន់តំណែងថ្មី ត្រូវតែបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ជៀសវាងការថ្នាំងថ្នាក់ និងរងការរិះគន់ពីមហាជន។ ពិសេស ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងផ្តល់សេវាសាធារណៈឱ្យកាន់តែកៀកកិតជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។
ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់អភិបាលខណ្ឌចំនួន ៣ រូប រួមមាន ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងអភិបាលរងខណ្ឌចំនួន ១២ រូបផ្សេងទៀត។ ពិធីដ៏សំខាន់នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងចំណោមការប្រកាសចូលកាន់តំណែងនេះ លោក ម៉ូវ ម៉ានិត ដែលធ្លាប់ជាអភិបាលខណ្ឌសែនសុខ ត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ។ រីឯលោក ចេង មុន្នីរ៉ា វិញ ត្រូវបានផ្ទេរពីអភិបាលខណ្ឌច្បារអំពៅ មកកាន់ជាអភិបាលខណ្ឌសែនសុខ។ ចំណែកលោក ជា ពិសី នៅតែបន្តកាន់តំណែងជាអភិបាលខណ្ឌទួលគោកសម្រាប់អាណត្តិទី២ ដដែល។ 
ស្របពេលជាមួយគ្នានោះ អភិបាលរងខណ្ឌចំនួន ១២ រូប ក៏ត្រូវបានប្រកាសឱ្យកាន់តំណែងសម្រាប់អាណត្តិទី២ ផងដែរ រួមមាន៖ លោក សយ ឬទ្ធី ជាអភិបាលរងខណ្ឌចំការមន, លោក ពាន វាសនា ជាអភិបាលរងខណ្ឌ៧មករា, លោក ជ ចាន់ស៊ាង ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ, លោក ចាន់ បណ្ឌិត ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌដូនពេញ, លោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌឫស្សីកែវ, លោក កៅ សារ៉ាវុធ ពីអភិបាលរងខណ្ឌជ្រោយចង្វារ ទៅជាអភិបាលរងខណ្ឌដូនពេញ។
លោក ចាន់ គន្ថេត ពីអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលរងខណ្ឌទួលគោក, លោកស្រី សួស សូលីដា ពីអភិបាលរងខណ្ឌឫស្សីកែវ ទៅជាអភិបាលរងខណ្ឌសែនសុខ, លោក ហ៊ត គឹមនី ពីអភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលរងខណ្ឌដង្កោ។ ក្រៅពីនេះ ក៏មានការប្រកាសតែងតាំងអភិបាលរងខណ្ឌថ្មីចំនួន ២ រូបទៀត គឺលោកស្រី សុង សុភា ជាអភិបាលរងខណ្ឌទួលគោក និងលោក កេត រតនា ជាអភិបាលរងខណ្ឌជ្រោយចង្វារ។ 
លោក ឃួង ស្រេង ក៏បានរំលេចថា ក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំស្ដារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។ លោកបានបន្តថា ការប្រកាសចូលកាន់តំណែង និងការផ្ទេរភារកិច្ចនាពេលនេះ គឺជារឿងធម្មតាទៅហើយសម្រាប់មន្ត្រីរាជការស៊ីវិល ដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ 
អភិបាលរាជធានីរូបនេះ បានជំរុញយ៉ាងទទូចឱ្យអភិបាលខណ្ឌ និងអភិបាលរងខណ្ឌដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែល្អប្រសើរ ដោយពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែរឹងមាំក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីមូលដ្ឋាន ត្រូវចេះដុសខាត់ ក្រើនរំលឹក និងកែលម្អចំណុចខ្វះខាត ដើម្បីបំពេញបន្ថែមឱ្យកាន់តែល្អប្រសើរឡើង ហើយចំណុចខ្វះខាតដែលបានកែលម្អហើយ មិនត្រូវឱ្យកើតមានឡើងដដែលៗជាលើកទីពីរឡើយ។ 
លោកបានណែនាំបន្ថែមទៀតថា អភិបាល និងអភិបាលរងខណ្ឌទាំងអស់ ត្រូវតែរក្សាឱ្យបានល្អប្រសើរនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព។ ចំពោះការងារអនាម័យ និងបរិស្ថាន អាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយដាក់មន្ត្រីក្រោមឱវាទឱ្យតាមដានការអនុវត្តការដឹកជញ្ជូន និងប្រមូលសំរាមឱ្យអស់ពីមូលដ្ឋាន ជាពិសេស គឺមិនត្រូវទុកឱ្យមានសំរាមនៅតាមប្រឡាយ ឬប្រព័ន្ធលូបង្ហូរទឹកឡើយ។
លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ និងគណៈបញ្ជាការឯកភាពសង្កាត់ គឺត្រូវការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យបាន ១០០% ដើម្បីជាទំនុកចិត្តសម្រាប់ពួកគាត់ ក៏ដូចជាទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅរាជធានីភ្នំពេញកាន់តែច្រើន។ 
ក្នុងឱកាសដ៏សំខាន់នោះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញដាច់ណាត់ឱ្យអាជ្ញាធរខណ្ឌទាំងអស់ លុបបំបាត់ឱ្យបាននូវការជក់បារីអេឡិចត្រូនិចនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាការឆ្លើយតប លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខ ដែលត្រូវបានប្រកាសផ្ទេរតំណែង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារឱ្យបានម៉ឺងម៉ាត់បំផុត។ លោកប្តេជ្ញាការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រឆាំងដាច់ខាតក្រុមជ្រុលនិយម និងថ្កោលទោសទាហានថៃដែលបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ។ លើសពីនេះ លោកក៏ប្តេជ្ញាទំនុកបម្រុងសមរភូមិមុខ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឱ្យបានកាន់តែប្រសើរឡើង។
ដោយ សំរិត
