ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាទិវាដ៏សំខាន់មួយសម្រាប់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ! ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកពិធីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ធំមួយ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បាននាំមកនូវឱកាសការងារដ៏សម្បូរបែប ប្រមាណជាង ១,១ម៉ឺនកន្លែង រួមជាមួយព័ត៌មានលម្អិតពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធជាច្រើនទៀត ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករប្រមាណ ១៥០០ នាក់។

អ្វីដែលកាន់តែពិសេសនោះ គឺនៅក្នុងពិព័រណ៍ការងារលើកទី ៥៧៣ នេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសល្បីៗ រហូតដល់ទៅ ២០ ស្ថាប័ន បានចូលរួមធ្វើការសម្ភាសន៍ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែងតែម្តង ដែលផ្តល់ភាពងាយស្រួល និងឆាប់រហ័សដល់បងប្អូនក្នុងការស្វែងរកការងារដែលស័ក្តិសម។

មិនតែប៉ុណ្ណោះ ក្រៅពីឱកាសការងារ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ ក៏ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ផងដែរ ដូចជាការផ្តល់ជូនមធ្យោបាយដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ដោយឥតគិតថ្លៃ។ លើសពីនេះ ក៏មានសេវាកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង ដែលបង្ហាញពីការគិតគូរយ៉ាងល្អិតល្អន់ចំពោះសុខុមាលភាព និងតម្រូវការរបស់បងប្អូន។

ថ្លែងក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើការងារនៅក្នុងប្រទេសកំណើត មានលក្ខណៈល្អប្រសើរ និងមានអត្ថប្រយោជន៍ច្រើនជាងការបន្តធ្វើការនៅប្រទេសថៃ។ ក្នុងនោះមានដូចជា ការទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការទទួលបានប្រាក់សោធននិវត្តន៍នាពេលចាស់ជរា ការរស់នៅជួបជុំក្រុមគ្រួសារជាទីស្រឡាញ់ អាចចូលរួមពិធីបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីជួបជុំសាច់ញាតិមិត្តភក្តិបានញឹកញាប់។ ម្យ៉ាងវិញទៀត ដោយសារយើងជាខ្មែរដូចគ្នា គឺភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេសនៅក្នុងបរិយាកាសការងារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ក៏ដូចជាប្អូនៗយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសគឺការស្វែងរកការងារដែលខ្លួនពេញចិត្ត។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនទាំងអស់គ្នា ដើម្បីចាប់យកអនាគតការងារដ៏រឹងមាំនៅក្នុងមាតុភូមិខ្លួនឯង!៕ដោយ៖តារា 

