ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ទ្រេតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិរដ្ឋ។
ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តដឹកស៊ីម៉ង់ត៍ហុយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-7678 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតមកខាងឆ្វេងដៃ ឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់ទ្រេតយ៉ាងដំណំ។ ភ្លាមៗនោះ តៃកុងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅកន្លែងកើតហេតុ ដើម្បីសាកសួរ និងដោះស្រាយតាមនីតិវិធី។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។
