ចិនបោះជំហានថ្មី! ពី​ “ល្បឿន” ទៅ “គុណភាព” ក្នុងផែនការអភិវឌ្ឍជាតិ ៥ឆ្នាំ ជំនាន់ទី ១៥ ដ៏មហិច្ឆតា

ចិនបោះជំហានថ្មី! ពី​ “ល្បឿន” ទៅ “គុណភាព” ក្នុងផែនការអភិវឌ្ឍជាតិ ៥ឆ្នាំ ជំនាន់ទី ១៥ ដ៏មហិច្ឆតា

ប្រទេសចិន៖ នាពេលថ្មីៗនេះ ក្នុងសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បក្សកុម្មុយនីស្តចិនបានកំណត់យក “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ជាប្រធានបទស្នូលនៃផែនការ ៥ ឆ្នាំទី ១៥ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។ តើអ្វីទៅជា “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” នេះ?

“ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” គឺជាទ្រឹស្តីសំខាន់មួយក្នុងគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន។ វាជាការផ្លាស់ប្តូរពីការគិតថា “មានឬអត់” ទៅជា “ល្អឬអត់” ពោលគឺបង្វែរការស្វែងរកបរិមាណ និងល្បឿន ទៅជាការយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាពវិញ។ ការលើកឡើងនូវគំនិតនេះគឺស្របតាមបរិបទដ៏ជ្រាលជ្រៅ និងមានអត្ថន័យចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក សេដ្ឋកិច្ចចិនបានសម្រេចនូវការរីកចម្រើនយ៉ាងលឿនរហូតក្លាយជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី ២ នៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបញ្ហាប្រឈមជាច្រើនបានកើតឡើងក្នុងដំណើរនៃកំណើនសេដ្ឋកិច្ចលឿននេះ៖

ជាបឋម រូបមន្តកំណើនសេដ្ឋកិច្ចប្រពៃណីបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងធនធានធម្មជាតិ ដោយបញ្ហាខ្យល់អាកាស ទឹក និងការបំពុលដីកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់។
ជាបន្តបន្ទាប់ ជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជន និងការកើនឡើងថ្លៃដើមកម្លាំងពលកម្ម ភាគលាភពីកំណើនប្រជាជនបានបាត់បង់ ហើយឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មពលកម្មក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

ទីបី តម្រូវការរបស់ប្រជាជនលែងគ្រប់គ្រាន់ត្រឹមការហូបចុកគ្រប់គ្រាន់ និងស្លៀកពាក់សមរម្យទៀតហើយ ផ្ទុយទៅវិញ ពួកគេចាប់ផ្តើមស្វែងរកការអប់រំ សេវាវេជ្ជសាស្រ្ត និងបរិស្ថានអេកូឡូស៊ីប្រកបដោយគុណភាពខ្ពស់ ដែលបានបង្កឱ្យមានទំនាស់សង្គមបណ្តាលមកពីការអភិវឌ្ឍមិនមានតុល្យភាព រួមមានគម្លាតអភិវឌ្ឍន៍រវាងទីក្រុងនិងជនបទ ឬរវាងតំបន់នានា។
ទីបួន និម្មាបនកម្មប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលបានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយសហរដ្ឋអាមេរិកបានរឹតបន្តឹងវិស័យបច្ចេកវិទ្យាខ្ពស់ថ្មីៗចំពោះប្រទេសចិន ដូចជាបញ្ហាបន្ទះឈីបជាដើម ដែលទាមទារឱ្យមានការបំបែកនូវបច្ចេកទេសសំខាន់ៗ។ ការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ថ្មីបានក្លាយជាជម្រើសដ៏ចាំបាច់សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។

ក្រោមបរិបទនៃការវិវត្តយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសដូចដែលបានរៀបរាប់ខាងលើ នៅឆ្នាំ ២០១៧ លោក Xi Jinping បានលើកឡើង “រូបមន្តថ្មី” ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ១៩ ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមិនត្រឹមតែទាមទារការអភិវឌ្ឍល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងត្រូវសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទៀតផង។ នៅឆ្នាំ ២០២០ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ របស់ចិនបានកំណត់យកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ហើយនៅឆ្នាំ ២០២៥ នេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានកំណត់ជាប្រធានបទសំខាន់សារជាថ្មីម្តងទៀតនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំ ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០។

ក្នុងនាមជាខ្លឹមសារដ៏សំខាន់នៃគំនិតរបស់លោក Xi Jinping ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែជាតម្រូវការចំពោះបរិវត្តិកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកំណែទម្រង់ជាប្រព័ន្ធដែលគ្របដណ្តប់លើគ្រប់វិស័យដូចជា សង្គម អេកូឡូស៊ី និងវប្បធម៌ជាដើម ដែលត្រូវបានបក្សកុម្មុយនីស្តចិនកំណត់ជាភារកិច្ចអាទិភាពនៃការធ្វើទំនើបកម្មតាមបែបផែនចិន។

ប្រទេសចិនបានពឹងលើ “វត្ថុស័ក្តិសិទ្ធ” ចំនួន ៣ ដើម្បីដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នេះ ដែលបានកែប្រែទាំងការផលិត និងជីវភាពរស់នៅរបស់ប្រជាជនចិន៖
វត្ថុស័ក្តិសិទ្ធទី១ គឺការជំរុញនវានុវត្តន៍។ ចិនបានបង្កើនថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយចំនួនអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍ក៏ជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក។
វត្ថុស័ក្តិសិទ្ធទី២ គឺការធ្វើបរិវត្តកម្មបៃតង ដែលផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលខ្ពស់ទៅកាន់កាបូនទាប។ ចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនៅជុំវិញពិភពលោក ដោយបរិមាណផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ និងថាមពលសូឡាសុទ្ធតែជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ព្រមទាំងបានជំរុញយ៉ាងខ្លាំងនូវការធ្វើបរិវត្តកម្មឧស្សាហកម្មថាមពលប្រពៃណី។
វត្ថុស័ក្តិសិទ្ធទី៣ គឺការបើកចំហ និងចែករំលែក។ ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិនមិនមែនធ្វើដោយខ្លួនឯងទេ តែគឺបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលវិលជុំទាំងពីរ។

ប្រទេសចិនបាននិងកំពុងយកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាក្បាលម៉ាស៊ីនដើម្បីជំរុញឱ្យផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ តភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយគោលដៅកសាងទំនើបកម្ម។ ដំណើរនេះមិនត្រឹមតែពាក់ព័ន្ធដល់កំណើននៃទំហំសរុបនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនៃគុណភាពនៃការអភិវឌ្ឍដែលមានគោលបំណងធ្វើឱ្យមនុស្សគ្រប់គ្នាអាចចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ ធ្វើឱ្យសេដ្ឋកិច្ច សង្គម និងបរិស្ថានរួមរស់ដោយភាពសុខដុមរមនា និងធ្វើឱ្យចិននិងពិភពលោករួមគ្នាបោះជំហានទៅរកអនាគតប្រកបដោយវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រភព ៖ (CCFR)

administrator

Related Articles