ទារលុយជំពាក់៣ខែមិនបាន ម្ចាស់បំណុលទាញប៉ែលវាយបែកក្បាលកូនបំណុលរបួសធ្ងន់

ទារលុយជំពាក់៣ខែមិនបាន ម្ចាស់បំណុលទាញប៉ែលវាយបែកក្បាលកូនបំណុលរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើហិង្សាដោយយកប៉ែលវាយទៅលើកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែខឹងនឹងរឿងជំពាក់លុយយូរខែមិនសង។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី។ រីឯជនរងគ្រោះមានឈ្មោះ វុធ ថៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យ ង៉ែត ថន ហៅ យុ បានទៅទារប្រាក់ពីជនរងគ្រោះចំនួន ១១ម៉ឺនរៀល ដែលបានជំពាក់អស់រយៈពេល៣ខែមកហើយ។ ពេលនោះ ជនសង្ស័យបានហៅជនរងគ្រោះចេញពីបន្ទប់ ហើយសួរថា “មានលុយសងអញអត់?” ជនរងគ្រោះបានឆ្លើយថា “អញអត់មានទេ បើទៅខ្ចីលុយអុំក៏យប់ហើយដែរ”។ ឮដូច្នោះ ជនដៃដល់ក៏បានដើរទៅយកប៉ែលដែលដាក់ក្បែរខ្លួន ហើយសួរជនរងគ្រោះម្ដងទៀតថា “មានសងលុយអញអត់?” ជនរងគ្រោះនៅតែឆ្លើយថា “អញអត់មានទេ”។ ស្រាប់តែជនដៃដល់ខឹងសម្បារយ៉ាងខ្លាំង ក៏យកប៉ែលវាយទៅលើជនរងគ្រោះចំនួន០៥ប៉ែល (ចំក្បាលពីខាងក្រោយ ដៃឆ្វេង ដៃស្ដាំ ខ្នងប្រអប់ដៃឆ្វេង និងស្មាខាងឆ្វេងពីខាងក្រោយ) បណ្ដាលឲ្យរងរបួសពេញខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ ជនដៃដល់ក៏បានយកទូរស័ព្ទរបស់ជនរងគ្រោះបោកចោល និងយកប៉ែលវាយកម្ទេចបន្ថែមទៀត បង្កការខូចខាតយ៉ាងដំណំ។ ក្រោយពីធ្វើសកម្មភាពយ៉ាងព្រៃផ្សៃរួច ជនដៃដល់ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះដែលរងរបួសក៏បានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថស្រុកគងពិសី ដើម្បីឲ្យជួយរកយុត្តិធម៌។

មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានបន្តថា លុះរហូតដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ នៅកន្លែងស្នាក់នៅបណ្ដោះអាសន្នភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ០១គ្រឿង ម៉ាក Beat ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ 1W-0487 ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Redmi កាតបុគ្គលិក០១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles