វិមាន៧មករា៖ ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានរៀបចំដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលជំនាន់ទី២ ស្ដីពី «ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស»។ វគ្គនេះមានការចូលរួមពីសិក្ខាកាមសរុបប្រមាណ ១៧៤ រូប ដែលជាសមាជិក-សមាជិកាយុវជនគណបក្ស ផ្នែកក្រសួង-ស្ថាប័ន។

ពិធីបើកវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត គឹម សន្តិភាព លោក កែម សម្បត្តិ និងលោក ឃុត ចាន់ដារ៉ា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស។

ថ្លែងក្នុងពិធីបើក លោក រាជ រ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល បានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលនេះ និងបានសំណេះសំណាលផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ត្រៀមខ្លួនជាអ្នកបន្តវេនដ៏រឹងមាំរបស់គណបក្ស។

នៅក្នុងសុន្ទរកថាបើក លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគូសបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីគណបក្សគឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការអនុវត្តកិច្ចការនយោបាយ និងការងារកសាងគណបក្សឱ្យកាន់តែរឹងមាំ។ លោកបានសង្កត់ធ្ងន់ថា មានមន្ត្រីគណបក្សល្អ ទើបធ្វើឱ្យគណបក្សកាន់តែមានភាពរឹងមាំ អង្គការចាត់តាំងមានសុក្រឹតភាព ធានានូវការអនុវត្តកម្មវិធីនយោបាយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្ស រក្សាបានប្រៀបឈ្នះគ្រប់ការបោះឆ្នោត និងធានានូវនិរន្តរភាពនៃការដឹកនាំរបស់គណបក្សលើមាគ៌ានយោបាយ សន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

ដើម្បីធានាឱ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល មានភាពរឹងមាំ មានមន្រ្តីគណបក្សដែលមានសក្តានុពល និងរួមចំណែកកសាងគណបក្ស លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដាក់ចេញនូវសំណូមពរចំនួន ៥ចំណុច ទៅកាន់សមាជិក-សមាជិកាទាំងអស់ រួមមាន៖

១. ក្នុងនាមសមាជិកគណបក្ស គ្រប់រូបត្រូវយល់ដឹងច្បាស់ពីភារកិច្ចរបស់ខ្លួន ដោយត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់ ជានិច្ចកាលជួយផ្តល់មតិគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន ដើម្បីការរីកចម្រើនរួម។

២. ក្នុងនាមជាអ្នកបន្តវេន ត្រូវចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលជាវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ ព្រមទាំងពង្រីកសមិទ្ធផលទាំងនោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត រួមគ្នាកសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដើម្បីត្រៀមផ្ទេរជូនយុវជនជំនាន់ក្រោយៗទៀត។

៣. យើងម្នាក់ៗត្រូវមានលក្ខណៈសម្បត្តិល្អប្រពៃ ដែលសំដៅលើសមត្ថភាព សីលធម៌ល្អ ប្រជាប្រិយភាព និងសុខភាពមាំមួន មានឆន្ទៈគាំទ្រ និងអនុវត្តគ្រប់ភារកិច្ច និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ព្រមទាំងចូលរួមចលនាញាតិមិត្ត បងប្អូន និងសាច់ញាតិ ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

៤. ត្រូវបន្តអប់រំការងារនយោបាយសតិអារម្មណ៍ជាប្រចាំ ដល់សមាជិក-សមាជិកាគណបក្ស និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

៥. ចូលរួមការងារមូលដ្ឋានតាមការចាត់តាំង ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ជាមួយប្រជាជន និងត្រូវរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។
ដោយ ៖ សិលា
