លោក ហែម វណ្ណឌី៖ កិច្ចសន្យា និងជំនាញឯកទេស ជាស្នូលជំរុញវិស័យកសិអាហារកម្ពុជាឲ្យខ្លាំង!

លោក ហែម វណ្ណឌី៖ កិច្ចសន្យា និងជំនាញឯកទេស ជាស្នូលជំរុញវិស័យកសិអាហារកម្ពុជាឲ្យខ្លាំង!

រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចសន្យា និងជំនាញឯកទេស គឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងនៃវិស័យកសិអាហារនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា» លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា តម្រូវការម្ហូបអាហារនៅតែមាន ប៉ុន្តែសាធារណជនមានការរំពឹងខ្ពស់ចំពោះគុណភាព និងសុវត្ថិភាពចំណីអាហារ។ លោកយល់ថា នេះមិនត្រឹមតែជាបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព ដែលជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង។ លោកក៏បានលើកឡើងពីភាពចាំបាច់នៃការប្រមូលផ្តុំផលិតកម្ម ដើម្បីឲ្យកសិករ និងសហគ្រាសផលិត អាចធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។

លោក ហែម វណ្ណឌី បានសន្និដ្ឋានថា ដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកកាន់វិស័យកសិអាហារ ការងារសំខាន់ពីរដែលត្រូវពង្រឹងគឺ ការអនុវត្តកិច្ចសន្យា និងជំនាញឯកទេស។ លោកបានពន្យល់ថា កសិករត្រូវផ្តោតលើការដាំដុះតាមស្តង់ដារ អ្នកកែច្នៃត្រូវធានាគុណភាព និងសុវត្ថិភាពផលិតផល រីឯការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានការសម្របសម្រួលគ្នាបានល្អ។

administrator

Related Articles