តៃកុង Mazda ស្រវឹងធ្លាក់ភ្នែក បើករ៉េចង្កូតបុកកង់បី ទ្វារផ្ទះ រួចបោកបង្គោលភ្លើងបាក់មួយដើមរលំ!

តៃកុង Mazda ស្រវឹងធ្លាក់ភ្នែក បើករ៉េចង្កូតបុកកង់បី ទ្វារផ្ទះ រួចបោកបង្គោលភ្លើងបាក់មួយដើមរលំ!

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តម៉ាក Mazda បើកបរដោយបុរសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវ ១៩ កែងផ្លូវ ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-0003 ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក និងបើករ៉េពេញផ្លូវ។ រថយន្តបង្កបានជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យខូចខាតមួយចំនួន។ មិនទាន់អស់ រថយន្តបង្កបានបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រលំមួយដើមបន្ថែមទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងអ្នករស់នៅក្បែរនោះយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។

administrator

Related Articles