យោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជានឹងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោកបានព្យាយាមសម្របសម្រួលភាពតានតឹងជាថ្មីក្នុងជម្លោះព្រំដែនរបស់ពួកគេ។ ទោះជាយ៉ាងណាក្តី ភាគីថៃនៅតែបន្តទាមទារឱ្យកម្ពុជាចេញមុខសុំទោសជាផ្លូវការ។

រូបថត៖ លោក ត្រាំ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ រវាងលោក អានុទីន និងសម្ដេច ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី (រូបថត៖ Getty)សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កាលពីសប្តាហ៍នេះ ទីក្រុងបាងកកបានប្រកាសផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មីបណ្តាលឱ្យទាហានថៃរងរបួស។ ប៉ុន្តែភាគីកម្ពុជាបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ។
ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៅខែកក្កដា ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធអស់រយៈពេល ៥ ថ្ងៃ បណ្តាលឱ្យមនុស្សយ៉ាងតិច ៤៨ នាក់ស្លាប់ និងប្រជាជនប្រមាណ ៣០០,០០០ នាក់បានភៀសខ្លួន។ ឧបទ្ទវហេតុនេះត្រូវបានបញ្ចប់ទៅវិញបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយ។
លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា «ខ្ញុំបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ហើយពួកគេកំពុងធ្វើបានល្អ។ ខ្ញុំគិតថាពួកគេនឹងល្អប្រសើរឡើងវិញ»។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ រហូតទាល់តែកម្ពុជាទទួលស្គាល់ការចោទប្រកាន់ពីការបំពាន និងចេញមុខសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីន។
នៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានជជែកជាមួយលោក ត្រាំ និងលោក អាន់វ៉ា លោក អានុទីន បានថ្លែងថា ប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ណាមួយ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និងធានាសុវត្ថិភាពរបស់ប្រជាជនខ្លួន។
ផ្ទុយពីភាគីថៃដែលនៅតែរឹងរូស សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃសៅរ៍ថា កម្ពុជានឹងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តទៅមុខទៀតដោយយោងតាមគោលការណ៍ និងយន្តការដែលបានព្រមព្រៀងគ្នា។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក ត្រាំ ក៏បានទាក់ទងជាមួយប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រផងដែរ។ លោក អាន់វ៉ា ក្រោយមកបានបង្ហោះនៅលើបណ្តាញសង្គម X ថា ទាំងកម្ពុជា និងថៃត្រៀមខ្លួនរួចជាស្រេចដើម្បី «បន្តជ្រើសរើសចន្លោះសម្រាប់ការសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូត ជាមាគ៌ាប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហា»៕
ប្រែសម្រួល៖ ឈាង
