ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដ៏សំខាន់មួយ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្ដីការក្រសួង។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកាន់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសន្យាថានឹងដឹកនាំគណៈប្រតិភូជាវិនិយោគិនធំៗរបស់ជប៉ុន មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏បានប្ដេជ្ញាបន្តជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅដល់ប្រជាជនជប៉ុនឱ្យបានកាន់តែទូលំទូលាយ ស្របពេលដែលកម្ពុជាមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ ដែលជាកត្តាជំរុញដ៏សំខាន់មួយ។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្ដែងមួយចំនួន រួមមាន៖ ពិនិត្យលទ្ធភាពរៀបចំបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចតាមបែបជប៉ុន ដែលនឹងជួយលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា។

លើសពីនេះ កិច្ចសហប្រតិបត្តិការនេះក៏នឹងផ្ដោតលើការជំរុញទាក់ទាញវិនិយោគិនធំៗពីប្រទេសជប៉ុន ឱ្យមកបណ្ដាក់ទុនលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

អ្វីដែលពិសេសនោះ គឺការនាំយកវិនិយោគិនមកបណ្ដាក់ទុនលើការផលិតវត្ថុអនុស្សាវរីយ៍ដែលមានគុណភាពខ្ពស់នៅកម្ពុជា ដែលនឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងផ្ដល់បទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរ។


កិច្ចសហប្រតិបត្តិការនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងកំណើនតម្រូវការទេសចរណ៍ពីទីផ្សារជប៉ុន។



ប្រភព៖ ក្រសួងព័ត៌មាន (ចុះផ្សាយថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥)
