(ស្ទឹងត្រែង) ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅដល់ខេត្តស្ទឹងត្រែងប្រកបដោយក្តីនឹករលឹក ដើម្បីសួរសុខទុក្ខ និងនាំយកនូវ “ផ្ទះមួយខ្នង” ដ៏កក់ក្តៅជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីមាតុភូមិជាទីស្រឡាញ់។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពរបស់ពួកគាត់ ដែលបានលះបង់ដើម្បីជាតិ។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានបន្តឧបត្ថម្ភនូវថវិកា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារវីរៈជនទាំងនោះ។


ការយកចិត្តទុកដាក់នេះ ក៏មានគោលបំណងផ្តល់ឱកាសការងារ ក៏ដូចជាការបន្តការសិក្សាដល់កូនៗរបស់វីរកងទ័ព ដើម្បីឱ្យពួកគាត់មានអនាគតដ៏ភ្លឺស្វាង និងអាចបន្តកសាងប្រទេសជាតិបានទៅមុខទៀត។


ទង្វើដ៏ប្រពៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំចំពោះវីរៈជន និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានលះបង់យ៉ាងធំធេងដើម្បីសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

