ចន្លុះដូនតា៖ ភ្លើងបំភ្លឺពីអតីតកាល រហូតមកបច្ចុប្បន្ននៅតែមានតម្លៃ! 🔥

ចន្លុះដូនតា៖ ភ្លើងបំភ្លឺពីអតីតកាល រហូតមកបច្ចុប្បន្ននៅតែមានតម្លៃ! 🔥

ខេត្តឧត្តរមានជ័យ៖ នៅក្នុងស្រុកអន្លង់វែង ប្រជាពលរដ្ឋខ្មែរនៅតែបន្តប្រកបរបរធ្វើចន្លុះលក់ ដែលជាមុខរបរបុរាណមួយបន្សល់ទុកពីដូនតា។ មុខរបរនេះមិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយជីវភាពគ្រួសារបានយ៉ាងសមរម្យផងដែរ។

ក្មួយស្រី វ៉ាន់ ឌី បានឲ្យដឹងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋប្រមាណ ៣០% នៅក្នុងស្រុកអន្លង់វែង ប្រកបរបរធ្វើចន្លុះនេះ។ នាងខ្លួនឯងក៏ជាអ្នកប្រមូលទិញចន្លុះពីអ្នកស្រុក ដើម្បីលក់បន្តឲ្យឈ្មួញថៃតាមច្រកទ្វារអន្តរជាតិជាំ កាលពីមុនមិនទាន់បិទច្រក។
ចន្លុះ

ទោះបីជាទីផ្សារនៅប្រទេសថៃមានការប្រែប្រួលយ៉ាងណាក្តី ក្មួយស្រី វ៉ាន់ ឌី នៅតែបន្តរបរប្រមូលទិញចន្លុះនេះដដែល។ សម្រាប់ចន្លុះមួយដុំមាន ៥ ដើម ខ្នាតតូចលក់បាន ២,០០០ រៀល ចំណែកខ្នាតធំក៏មាន ៥ ដើមដូចគ្នា លក់បាន ៤,០០០ រៀល។ កាលពីអតីតកាល ចន្លុះត្រូវបានប្រើប្រាស់សម្រាប់បំភ្លឺផ្លូវ ឬក្នុងផ្ទះ ហើយត្រូវឧស្សាហ៍កៀសទើបឆេះបានល្អ។ ប៉ុន្តែបច្ចុប្បន្ន អត្ថប្រយោជន៍ចម្បងរបស់វា គឺសម្រាប់បង្កាត់ភ្លើងចម្អិនអាហារ។
ការធ្វើចន្លុះ

ថ្វីដ្បិតតែបណ្ដាញអគ្គិសនីបានទៅដល់ជនបទក៏ពិតមែន ក៏ប៉ុន្តែតម្រូវការចន្លុះនៅតែចាំបាច់សម្រាប់បំភ្លឺផ្លូវចូលព្រៃ ឬក្នុងពិធីបុណ្យទាននានាដែលធ្វើនៅតំបន់ដាច់ស្រយាលតាមភ្នំជាដើម។ អ្នកផលិតចន្លុះនៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង បានឲ្យដឹងថា សិប្បកម្មរបស់ពួកគេបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃអាចផលិតបានរហូតដល់ ៧០០ ដើម។
អ្នកផលិតចន្លុះ

ពីដំបូងមានតែ ២ គ្រួសារប៉ុណ្ណោះដែលចេះធ្វើចន្លុះ តែក្រោយមកដោយសារការបង្រៀនតៗគ្នា បច្ចុប្បន្នចំនួនអ្នកផលិតបានកើនឡើងដល់ ៦០ គ្រួសារ។ វត្ថុធាតុដើមសំខាន់ៗសម្រាប់ធ្វើចន្លុះមាន ៣ មុខគឺ កាកជ័រទឹក ស្លឹកដើមព្រាល និងសំបកកង់ចាស់ៗ ដែលត្រូវយកមកដុតជាធ្យូង រួចបុកឲ្យម៉ដ្ឋ។ ចន្លុះមួយដើមដែលផលិតបានសម្រេចមានទម្ងន់ ២ ទៅ ៣ ខាំ ហើយអាចលក់ចេញបានជិត ១,០០០ រៀល។
វត្ថុធាតុដើមធ្វើចន្លុះ

ចន្លុះគឺជាគ្រឿងអុជបំភ្លឺមួយប្រភេទ ដែលធ្វើពីជ័រលាយស្លឹកឈើ ឬសំបកឈើជ័រ។ កាលពីអតីតកាល មុនពេលមានអគ្គិសនី ចន្លុះគឺជាមធ្យោបាយបំភ្លឺដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជនបទ ប្រើសម្រាប់បង្កាត់ភ្លើង និងបំភ្លឺផ្លូវពេលយប់។ ប៉ុន្តែបច្ចុប្បន្ន ការប្រើប្រាស់ចន្លុះបានថយចុះគួរឲ្យកត់សម្គាល់ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងសម្ភារៈទំនើបៗ ដូចជាចង្ក្រានហ្គាស និងឆ្នាំងអគ្គិសនីជាដើម។
ចន្លុះខ្មែរ

ទោះជាយ៉ាងនេះក្តី របរធ្វើចន្លុះមិនទាន់បាត់បង់ទាំងស្រុងនោះទេ។ នៅក្នុងភូមិមួយមិនឆ្ងាយពីខេត្តសៀមរាប ក៏នៅតែបន្តផលិតចន្លុះដែរ ដើម្បីថែរក្សាមរតកដូនតា។ របរនេះមិនត្រឹមតែជាប្រភពចំណូលទេ ថែមទាំងជាមេរៀនប្រវត្តិសាស្ត្ររំលឹកដល់មនុស្សជំនាន់ក្រោយអំពីរបៀបរស់នៅសាមញ្ញរបស់ជនបទពីអតីតកាល និងតម្លៃនៃរបរបុរាណដែលផលិតដោយដៃ ដែលជាមរតកខ្មែរដ៏មានតម្លៃមិនគួរឲ្យបាត់បង់ឡើយ។

administrator

Related Articles