ទីក្រុងវ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោកបានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំប្រទេសទាំងពីរ។ គោលបំណងគឺដើម្បីជួយសម្របសម្រួលភាពតានតឹងដែលបានកើតឡើងថ្មីៗនេះ រវាងប្រទេសជិតខាងទាំងពីរ។
លោក ត្រាំ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ហើយពួកគេកំពុងដំណើរការបានយ៉ាងល្អ។ ខ្ញុំជឿជាក់ថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។
សេចក្ដីថ្លែងការណ៍របស់សេតវិមាន កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ដើម្បីព្យាយាមសម្របសម្រួលជម្លោះដែលទើបនឹងផ្ទុះឡើង។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំម៉ាឡេស៊ីផងដែរ។ 
នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ជំនួបនេះគឺដើម្បីពិភាក្សាអំពីការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានគោលបំណងជំរុញបន្តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណលោក ត្រាំ ចំពោះការផ្តួចផ្តើម និងសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា-ថៃ កន្លងមក រហូតសម្រេចបានសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែង។ សម្ដេចបានសង្កត់ធ្ងន់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមនេះ និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការរួមគ្នា ស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។
យោងតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត លោក ត្រាំ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ក្នុងជំនួបនោះថា លោកប្រាថ្នាចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ លោកប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការផ្ទុះអាវុធនឹងមិនកើតឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ។
ដោយ៖ សិលា
