ភ្នំពេញ៖ ក្រសួងព័ត៌មាននៅតែបន្តជំរុញដល់បណ្ដាញព័ត៌មានជាតិទាំងអស់ ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយនូវខ្លឹមសារអប់រំឱ្យបានកាន់តែទូលំទូលាយ អំពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ។ នេះគឺដើម្បីរួមចំណែកការពារសង្គមទាំងមូល និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយុទ្ធនាការ បានជំរុញឱ្យបណ្តាញព័ត៌មានជាតិ រួមមាន វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន ក្រុមការងារAPPក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត បន្តអនុវត្តយុទ្ធនាការនេះឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ នេះបើទោះបីជារយៈពេល ៦ខែចុងក្រោយនេះ យុទ្ធនាការបានទទួលលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ក៏ដោយ។
លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីជំនាញប្រព័ន្ធផ្សព្វផ្សាយជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យពង្រឹងការផលិត និងផ្សាយមាតិកាអប់រំ ជាពិសេសរៀបចំជារឿងខ្លីៗ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ របៀបកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ (ទាំងបង្កើតដោយមនុស្ស និង AI) វិធីបង្ការ ក៏ដូចជាសារអំពាវនាវដល់សាធារណៈជនឱ្យបង្កើនការប្រុងប្រយ័ត្ន។ លោកសង្កត់ធ្ងន់ថា មុននឹងជឿលើព័ត៌មានណាមួយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ និងការផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវជាមុនសិន។ 
ក្រៅពីនេះ លោកក៏បានស្នើឱ្យរៀបចំកម្មវិធីជជែក ឬវេទិកាសន្ទនា (talk show) ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបណ្តាញសង្គម ដោយមានការចូលរួមពីអ្នកជំនាញព័ត៌មាន អ្នកជំនាញឌីជីថល អ្នកប្រើប្រាស់បណ្តាញសង្គម និងយុវជន ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យ និងវិធីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ លោកក៏ជំរុញឱ្យមន្ទីរព័ត៌មាននានា នាំយកយុទ្ធនាការនេះទៅដល់ប្រជាពលរដ្ឋតាមភូមិ-ឃុំ ពិសេសគ្រួសារ សាលារៀន និងសហគមន៍ជនជាតិដើមភាគតិចដែលនៅឆ្ងាយពីទីរួមខេត្ត។ ជាមួយគ្នានេះ ក្រុមការងារត្រូវយកចិត្តទុកដាក់ផលិត និងផ្សាយមាតិកាឱ្យសមស្របតាមបណ្តាញសង្គមនីមួយៗ ដើម្បីជំរុញការចែករំលែក និងឈានទៅកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យបានច្រើន។
ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន សមាគមយុវជន វិស័យឯកជន រួមទាំងអ្នកបង្កើតមាតិកា (MMO) និងអ្នកមានឥទ្ធិពល (KoL) ក្នុងមូលដ្ឋានរាជធានី-ខេត្ត ដើម្បីពង្រីកឥទ្ធិពល និងប្រសិទ្ធភាពនៃយុទ្ធនាការនេះ។
ក្នុងឱកាសដ៏សំខាន់នោះ លោកបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទូទាំងប្រទេស ដែលបានអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” រយៈពេល ៦ខែចុងក្រោយនេះ រហូតទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីប្រជាពលរដ្ឋ។ ជាក់ស្តែង មានអ្នកចូលរួមប្រមាណជាង ៥លាននាក់ ហើយចំនួននេះនៅតែបន្តកើនឡើង ទាំងក្នុងបណ្តាញសង្គម និងតាមសកម្មភាពនៅសហគមន៍។ យុទ្ធនាការនេះក៏បានផ្ញើសារអប់រំតាមរយៈ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទជាង ២៣លាននាក់/គណនី និងបានដាក់តាំងផ្ទាំងប៉ាណូធំៗចំនួន ៤៥ផ្ទាំង នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗដូចជា ភ្នំពេញ កណ្តាល កំពង់ចាម សៀមរាប និងច្រើនទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ 
គួរបញ្ជាក់ថា យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន តាំងពីខែមេសា ឆ្នាំ២០២៥ ហើយកំពុងបន្តអនុវត្តយ៉ាងសកម្មទូទាំងប្រទេស ដោយមានការចូលរួមពីអាជ្ញាធរដែនដី វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់។
ប្រភព ៖ ក្រសួងព័ត៌មាន (CCFR)
