ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកកំពង់សីលា នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីអំពើវាយយកម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់ អំពីករណីប្លន់យកម៉ូតូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់បានដោយជោគជ័យ។

ជនសង្ស័យទាំង០២នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ៖
១. ឈ្មោះ ហ៊ុន សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)
២. ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូចំនួន ០២គ្រឿងផងដែរ រួមមាន ៖
– ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី២០២៥ ផ្លាកលេខភ្នំពេញ 1LG-5382 (ជារបស់ជនរងគ្រោះ)
– ម៉ូតូម៉ាក Nice ពណ៌ខៀវ-ស ផ្លាកលេខភ្នំពេញ 1JM 9686 (ជារបស់ជនសង្ស័យ)

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ ក្រោយពីមានការស្នើសុំនិងឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។







