ថៃនៅតែរក្សាជំហរផ្អាកសកម្មភាពទាំងអស់ក្រោមសេចក្ដីថ្លែងការណ៍ក្រុងគូឡាឡាំពួ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងចេញមុខសុំទោសជាសាធារណៈជុំវិញឧបទ្ទវហេតុគ្រាប់មីនដែលបណ្ដាលឱ្យទាហានថៃម្នាក់រងរបួស។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់លោកអានុទីន ឆានវីរៈគុល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។
លោកអានុទីន នាយករដ្ឋមន្ត្រីថៃ បានគូសបញ្ជាក់ថា លោកបានលើកឡើងពីជំហរនេះក្នុងជំនួបតាមទូរសព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ មេដឹកនាំទាំងពីរបានជំរុញឱ្យទីក្រុងបាងកកបន្តរក្សាការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លោកអានុទីនបានសង្កត់ធ្ងន់ថា ថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្ដីថ្លែងការណ៍នោះទេ រហូតទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនថៃជុំវិញឧប្បត្តិហេតុជាន់មីនរបស់ទាហានថៃកាលពីពេលថ្មីៗនេះ។
លោកក៏បានបញ្ជាក់ទៀតថា ថៃរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ណាមួយ ដើម្បីការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន។
ជាមួយគ្នានេះ លោកព្រមានថា ការបដិសេធរបស់កម្ពុជាក្នុងការទទួលស្គាល់កំហុស បានធ្វើឱ្យបាត់បង់ការជឿទុកចិត្តពីសាធារណជនថៃ ហើយអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពទៅថ្ងៃអនាគតកាន់តែស្មុគស្មាញ។
គួរជម្រាបថា សេចក្ដីថ្លែងការណ៍របស់លោកអានុទីន បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដែលលោកបានស្វាគមន៍តួនាទីដ៏សកម្មរបស់មហាអំណាចមួយនេះ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាមួយក្តីសង្ឃឹមថា កម្ពុជា-ថៃ នឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែន លោកអាន់វ៉ា បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានដកកងទ័ពចេញពីព្រំដែនហើយ ស្របតាមវិធីសាស្ត្រដែលបានឯកភាពគ្នាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ដូច្នេះ ខ្ញុំសូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលក៏បានទាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជា និងថៃផងដែរ ដើម្បីធានាថា រាល់ការខ្វែងគំនិតគ្នាត្រូវបានដោះស្រាយដោយរបៀបរៀបរយ ដើម្បីធានាបាននូវស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់»។
