សហរដ្ឋអាមេរិក បន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀន! វាយប្រហារលើកទី២០ សម្លាប់មនុស្ស៤នាក់ទៀត

សហរដ្ឋអាមេរិក បន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀន! វាយប្រហារលើកទី២០ សម្លាប់មនុស្ស៤នាក់ទៀត

យោងតាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិក បានបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខ្លួន ដោយបានបើកការវាយប្រហារជាលើកទី២០ ទៅលើទូកសង្ស័យដឹកជញ្ជូនគ្រឿងញៀនក្នុងតំបន់ការ៉ាបៀន បណ្តាលឱ្យមនុស្ស ៤ នាក់ទៀតស្លាប់។

ហេតុការណ៍វាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ ហើយមិនមានអ្នកណាម្នាក់នៅលើទូកនោះអាចនៅរស់រានមានជីវិតឡើយ។ មុននេះបន្តិច កាលពីថ្ងៃអាទិត្យ ក៏មានការវាយប្រហារពីរលើកផ្សេងទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានសម្លាប់មនុស្ស ៦ នាក់ បន្ថែមទៀតផងដែរ។ គិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់សរុបនៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អាមេរិកបានកើនឡើងដល់ ៨០ នាក់ហើយ។
Drug Boat Attack
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងនាវាចម្បាំង ដើម្បីកំណត់គោលដៅទូកដែលសង្ស័យថា កំពុងដឹកជញ្ជូនគ្រឿងញៀន។ យ៉ាងណាមិញ អាមេរិកបានទទួលស្គាល់ថា ពួកគេពេលខ្លះពុំបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់អ្នកនៅលើទូកនោះទេ មុនពេលបើកការវាយប្រហារ។ ក្រសួងយុត្តិធម៌អាមេរិក ក៏បានជម្រាបទៅកាន់សភាដែរថា រដ្ឋបាលមិនត្រូវការការយល់ព្រមបន្ថែមសម្រាប់យុទ្ធនាការនេះឡើយ ទោះបីជាមានការព្រួយបារម្មពីអ្នកជំនាញផ្នែកច្បាប់ដែលព្រមានថា ការវាយប្រហារទាំងនេះអាចរំលោភលើច្បាប់សហរដ្ឋអាមេរិក ឬច្បាប់អន្តរជាតិក៏ដោយ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះក៏បានបង្កឱ្យមានភាពតានតឹងជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួនផងដែរ។ ចក្រភពអង់គ្លេសបានសម្រេចផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ទាក់ទងនឹងទូកសង្ស័យដឹកជញ្ជូនគ្រឿងញៀន ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដែលខ្លួនចាត់ទុកថាខុសច្បាប់។ ចំណែកឯប្រធានាធិបតីកូឡុំប៊ី ក៏បានបញ្ឈប់កិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដូចគ្នា រហូតដល់ការវាយប្រហារនេះត្រូវបានបញ្ចប់។

អត្ថបទដោយ៖ ប៊ុន សុភាព

administrator

Related Articles