រឿងធំហើយ! ត្រាំ កំពុងត្រៀមប្តឹង BBC ដល់ទៅ ៥ ពាន់លានដុល្លារ ជុំវិញរឿងកែវីដេអូសុន្ទរកថា!

រឿងធំហើយ! ត្រាំ កំពុងត្រៀមប្តឹង BBC ដល់ទៅ ៥ ពាន់លានដុល្លារ ជុំវិញរឿងកែវីដេអូសុន្ទរកថា!

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា លោក​នឹង​ដាក់ពាក្យបណ្ដឹង​ទាមទារ​សំណង​ពី BBC នៅសប្ដាហ៍ក្រោយនេះ រហូតដល់ ៥ ពាន់លានដុល្លារឯណោះ! នេះគឺបន្ទាប់ពីក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយដ៏ធំមួយនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានកែសម្រួលវីដេអូសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដោយធ្វើឱ្យមានភាពខុសឆ្គង។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Donald Trump

បច្ចុប្បន្ន BBC កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបបានលាលែងពីតំណែង ស្របពេលដែលមានការចោទប្រកាន់ពីបទលំអៀង រួមទាំងភាពចម្រូងចម្រាស់នៃការកែសម្រួលវីដេអូសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២១ ដែលជាថ្ងៃនៃការវាយប្រហារលើវិមាន Capitol ដោយក្រុមអ្នកគាំទ្រលោក ត្រាំ ដែលមិនទទួលយកលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

កន្លងមក មេធាវីរបស់លោក ត្រាំ បានផ្ដល់ឱសានវាទដល់ BBC ត្រឹមថ្ងៃសុក្រ ដើម្បីលុបចោលភាពយន្តឯកសាររបស់ខ្លួន បើពុំនោះទេ នឹងត្រូវប្រឈមមុខនឹងបណ្ដឹងទារសំណង «មិនតិចជាង ១ ពាន់លានដុល្លារ»។ មេធាវីដដែលក៏បានទាមទារការសុំទោសជាសាធារណៈ និងសំណងសម្រាប់ការ «ខូចខាតកេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុដ៏ធំសម្បើម» ផងដែរ។

BBC បានទទួលស្គាល់នូវ «កំហុសក្នុងការវិនិច្ឆ័យ» លើផ្នែកកែសម្រួលវីដេអូរបស់ខ្លួន ហើយថែមទាំងបានផ្ញើលិខិតសុំទោសផ្ទាល់ខ្លួនទៅកាន់លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុននេះបានបដិសេធមិនចាក់ផ្សាយភាពយន្តឯកសារនោះទៀតទេ ប៉ុន្តែបានច្រានចោលការទាមទារសំណងពីបទបរិហារកេរ្តិ៍។

លោក ត្រាំ បានថ្លែងនៅលើលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រថា៖ «យើងនឹងប្ដឹងពួកគេដើម្បីទាមទារសំណងចន្លោះពី ១ ទៅ ៥ ពាន់លានដុល្លារ ប្រហែលជានៅសប្ដាហ៍ក្រោយ»។ លោកបន្តថា៖ «ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើបែបនោះ ព្រោះពួកគេបានសារភាពខ្លួនឯងថាពួកគេបានបោកប្រាស់។ ពួកគេបានផ្លាស់ប្ដូរពាក្យសម្ដីដែលចេញពីមាត់របស់ខ្ញុំ»។

លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកមិនទាន់បាននិយាយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អំពីបញ្ហានេះទេ ប៉ុន្តែមានគម្រោងទូរស័ព្ទទៅលោក ដោយបន្ថែមថា លោក Starmer បានទាក់ទងមកលោក ហើយ «មានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង» ចំពោះករណីរបស់ BBC នេះ។

ក្នុងពេលថ្មីៗនេះ លោក ត្រាំ បានទទូចថា ការសុំទោសរបស់ BBC គឺមិនគ្រប់គ្រាន់នោះទេ ដោយថា៖ «នៅពេលអ្នកនិយាយថា វាគឺជារឿងអចេតនា ខ្ញុំគិតថា បើវាជារឿងអចេតនា អ្នកមិនសុំទោសទេ»។ លោកបន្តថា BBC បានកាត់បញ្ចូលគ្នា​នូវវីដេអូសុន្ទរកថាពីរផ្នែកផ្សេងគ្នា ដែលថ្លែងឡើងខុសគ្នាជិតមួយម៉ោង ដោយមួយធ្វើឱ្យលោកក្លាយជាមនុស្សអាក្រក់ និងមួយទៀតធ្វើឱ្យលោកមើលទៅហាក់ដូចជាស្ងប់ស្ងៀម។

administrator

Related Articles