អគ្គិភ័យមហាវិនាសកម្ម! ផ្ទះប្រជាពលរដ្ឋ១២ខ្នង រងការឆាបឆេះទាំងស្រុង ក្បែរស្ពានអាកាសមរតកតេជោ

អគ្គិភ័យមហាវិនាសកម្ម! ផ្ទះប្រជាពលរដ្ឋ១២ខ្នង រងការឆាបឆេះទាំងស្រុង ក្បែរស្ពានអាកាសមរតកតេជោ

ភ្នំពេញ៖ តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ នៅវេលាម៉ោងប្រមាណ ៧៖៤៥នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលបានបង្កឱ្យមានការឆាបឆេះយ៉ាងលឿនលយទៅលើផ្ទះឈើលើថ្មក្រោមចំនួន ១ខ្នង ដំបូងគេ ហើយក៏បានរាលដាលយ៉ាងសន្ធឹកសន្ធាប់ទៅដល់ផ្ទះជិតខាងអស់ចំនួន ១១ខ្នង ទៀត បណ្តាលឱ្យផ្ទះចំនួន ១២ខ្នងនេះ រងការខូចខាតទាំងស្រុង រួមជាមួយនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃទាំងអស់ ក៏ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងគ្មានសល់។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានដំណើរការយ៉ាងសកម្ម ដោយកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន ស្មើនឹង ៧៦ម៉ែត្រគូប។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមជួយអន្តរាគមន៍ពីកម្លាំងពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យកោះពេជ្រចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូបផងដែរ។ ទីបំផុត នៅវេលាម៉ោង ៩:៣០នាទីព្រឹក អគ្គិភ័យត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុង។

ព័ត៌មាននេះដកស្រង់ចេញពី៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។




administrator

Related Articles