ក្រសួងព័ត៌មាន បង្កើនប្រសិទ្ធភាពបណ្ណអ្នកសារព័ត៌មានឆ្នាំ២០២៦ ជាមួយ QR Code ទប់ស្កាត់ការក្លែងបន្លំ

ក្រសួងព័ត៌មាន បង្កើនប្រសិទ្ធភាពបណ្ណអ្នកសារព័ត៌មានឆ្នាំ២០២៦ ជាមួយ QR Code ទប់ស្កាត់ការក្លែងបន្លំ

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ នៅសាលប្រជុំព្រះវិហារ ដើម្បីពិនិត្យ និងពង្រឹងនីតិវិធីនៃការចុះឈ្មោះ ក៏ដូចជាការប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនោះ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រួមជាមួយក្រុមការងារបច្ចេកទេស បានបង្ហាញជូនពីការកែសម្រួល និងរចនាម៉ូដបណ្ណថ្មី ដែលនៅតែបំពាក់ QR Code ដដែល ដើម្បីទប់ស្កាត់ការក្លែងបន្លំ។ ប្រព័ន្ធផ្ទៀងផ្ទាត់នេះ នឹងបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកាលពីឆ្នាំ២០២៤ មានអ្នកសារព័ត៌មានប្រមាណជាង ៨ ៥០០នាក់ បានចុះឈ្មោះរួចហើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ និងជំរុញឲ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ពន្លឿនការងារបច្ចេកទេស និងចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារនៅកម្ពុជា ឲ្យមកបំពេញបែបបទចុះឈ្មោះស្នើសុំបណ្ណសម្រាប់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឲ្យក្រុមការងារជំនាញពិនិត្យមើលចំណុចខ្វះចន្លោះនានាកាលពីឆ្នាំមុន ជាពិសេសគឺការរៀបចំបណ្ណជូនអ្នកសារព័ត៌មានឲ្យបានឆាប់រហ័ស បន្ទាប់ពីពួកគាត់បានដាក់ពាក្យស្នើសុំរួច។

គួររំលឹកថា កាលពីដើមខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្រេចដាក់ឲ្យប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មានទម្រង់ថ្មី ដែលបំពាក់ QR Code ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងជាការគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាននឹងផ្តល់បណ្ណសម្គាល់នេះជូនដល់អ្នកសារព័ត៌មានទាំងអស់ដែលចង់បាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចធំដូចកាលពីមុនឡើយ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រៀមរៀបចំឯកសារពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណពីក្រសួងព័ត៌មាន សម្រាប់ទទួលបានភាពស្របច្បាប់ និងអត្ថប្រយោជន៍ជាច្រើន។

administrator

Related Articles