កំហឹង​កុំ​ឱ្យ​ខ្វាក់! ទារ​បំណុល​មិន​បាន បែរ​ជា​ទាញ​ប៉ែល​សំពង​ក្បាល​របួសធ្ងន់!

កំហឹង​កុំ​ឱ្យ​ខ្វាក់! ទារ​បំណុល​មិន​បាន បែរ​ជា​ទាញ​ប៉ែល​សំពង​ក្បាល​របួសធ្ងន់!

ខេត្តកំពង់ស្ពឺ ៖ ករណីហិង្សាមួយបានកើតឡើងបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសម្នាក់បានផ្ទុះកំហឹងទ្រាំលែងបាន​ ខណៈដែល​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ដែល​ជំពាក់​ខ្លួន​អស់​រយៈពេល ៣ ខែ​មក​ហើយ​នៅ​តែ​មិន​បាន ក៏បាន​ទាញ​ប៉ែល​សំពង​ក្បាល​បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍​នេះ​នាំ​ឱ្យ​ជន​រង​គ្រោះ​ប្ដឹង​សមត្ថកិច្ច ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាមៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

មន្ត្រី​អាវុធហត្ថ​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ ង៉ែត ថន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ វុធ ថៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅភូមិ​ស្នួល ឃុំ​ស្នំ​ក្រ​ពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ជនសង្ស័យ​ឈ្មោះ ង៉ែត ថន ហៅ យុ បាន​ទៅ​ទារ​ប្រាក់​ចំនួន​១១០.០០០​រៀល (​ដប់​មួយ​ម៉ឺន​រៀល​) ពី​ជន​រង​គ្រោះ​ដែល​បាន​ជំពាក់​អស់​រយៈពេល​បី​ខែ​មក​ហើយ។ ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ ហើយ​សួរ​ថា «មាន​លុយ​សង​អញ​អត់?» ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​ថា «អញ​អត់​មាន​ទេ បើ​ទៅ​ខ្ចី​លុយ​អុំ​ក៏​យប់​ហើយ​ដែរ»។

ភ្លាម​ៗ​នោះ ជន​ដៃដល់​បាន​ដើរទៅ​យក​ប៉ែល​ដែល​ដាក់​ក្បែរ​ខ្លួន ហើយ​សួរ​ជន​រង​គ្រោះ​ម្ដងទៀត​ថា «មាន​សង​លុយ​អញ​អត់?» ពេល​ជន​រង​គ្រោះ​ឆ្លើយ​ថា «អញ​អត់​មាន​ទេ» ស្រាប់តែ​ជន​ដៃដល់​ក៏​បាន​យក​ប៉ែល​វាយ​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​សាហាវ​ចំនួន​០៥​ប៉ែល​ចំ​ក្បាល​ពី​ខាងក្រោយ ចំ​ស្នង​ដៃ​ឆ្វេង ចំ​ស្នង​ដៃស្តាំ ខ្នង​ប្រអប់ដៃ​ឆ្វេង និង​ស្មា​ខាងឆ្វេង​ពី​ខាងក្រោយ បណ្ដាល​ឱ្យ​របួសធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ជន​ដៃដល់​ថែមទាំង​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​បោក​ចោល ហើយ​យក​ប៉ែល​វាយ​កម្ទេច​បន្ថែម​ទៀត​បណ្ដាល​ឱ្យ​ខូចខាត។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​ដៃដល់​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​ដើម្បី​សុំ​ជួយ​រក​យុត្តិធម៌។ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ង៉ែត ថន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ផ្ទះ​ជួល​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន៖ ម៉ូតូ​០១​គ្រឿង ម៉ាក​Beat ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1W-0487 ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​Redmi កាត​បុគ្គលិក​ចំនួន​០១ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ​ដៃដល់​រួម​ជាមួយ​វត្ថុ​តាង​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់៕

administrator

Related Articles