ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ដោយចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង នៅប្លុក E នៃអគារយៀកថៃ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ បានឈានដល់ការដកហូតវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១៦៨គ្រឿង, ធុង CPU ចំនួន ០៦គ្រឿង, ម៉ូនីទ័រចំនួន ៣៥គ្រឿង និងទូរស័ព្ទដៃចំនួន ៦០០គ្រឿង។
ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច បានបង្ហាញនូវការសង្ស័យយ៉ាងខ្លាំងថា ទីតាំងខាងលើមានជាប់ពាក់ព័ន្ធនឹងសកម្មភាពលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការដ៏ធំនេះ ត្រូវបានដឹកនាំដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន អាជ្ញាធរពាក់ព័ន្ធ និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
បច្ចុប្បន្ន ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញកំពុងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រីកការស្រាវជ្រាវបន្ថែមទៀត សំដៅឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះជនជាប់ពាក់ព័ន្ធទាំងអស់ និងវែកមុខមេខ្លោងពិតប្រាកដ ដែលនៅពីក្រោយខ្នងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ វត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
គួររំលឹកផងដែរថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចចម្រុះទូទាំងប្រទេស បាននិងកំពុងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះមេខ្លោងទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកប្រូកប្រាស់នេះ ដោយគ្មានការលើកលែងឡើយ។
ដោយ៖តារា
