ជប៉ុនបំពានបន្ទាត់ក្រហមតៃវ៉ាន់! ចិនព្រមានវាយបកម៉ឺងម៉ាត់

ជប៉ុនបំពានបន្ទាត់ក្រហមតៃវ៉ាន់! ចិនព្រមានវាយបកម៉ឺងម៉ាត់

អន្តរជាតិ ៖ ថ្មីៗនេះ ក្នុងពេលជជែកដេញដោលនៅរដ្ឋសភា លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា ប្រសិនបើតៃវ៉ាន់មានបញ្ហា នោះវាអាចក្លាយជា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់របស់ជប៉ុន» ហើយកងស្វ័យការពារអាចនឹងអនុវត្តសិទ្ធិស្វ័យការពារ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឹកនាំជប៉ុនបង្ហាញមហិច្ឆតាចង់ជ្រៀតជ្រែកបញ្ហាតៃវ៉ាន់តាមរយៈកម្លាំងអាវុធ បន្ទាប់ពីបរាជ័យក្នុងសង្គ្រាមរយៈពេល ៨០ឆ្នាំកន្លងមក ដែលឥរិយាបទនេះបង្កឱ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ ពាក្យសម្តីបង្ករឿងនេះ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនយ៉ាងកម្រោល និងជាបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ ព្រមទាំងបំផ្លាញមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការទូតរវាងចិននិងជប៉ុន។ ជាលទ្ធផល ប្រទេសចិនបានលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាជាច្រើនលើកចំពោះភាគីជប៉ុន។

នៅថ្ងៃទី ១៣ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដោយគូសបញ្ជាក់ថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិន ទោះក្នុងទម្រង់ណាក៏ដោយ ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យជប៉ុនពិចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន លុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់។

Image related to Taiwan Strait issue

ចំពោះប្រជាជនទូទៅ ការលើកឡើងរបស់ជប៉ុនស្តីពី «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់» បានធ្វើឱ្យពួកគេរំឭកឡើងវិញពីការចងចាំដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីឈានចូលសម័យទំនើបមក ចក្រពត្តិនិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពានបរទេសជាច្រើនលើក ដោយយកលេសបែបនេះ ក្នុងនោះរួមទាំងការបង្កឧប្បត្តិហេតុថ្ងៃទី ១៨ ខែកញ្ញា ក្រោមលេស «ការប្រើប្រាស់សិទ្ធិស្វ័យការពារ» និងបំផុសសង្គ្រាមឈ្លានពានប្រទេសចិន ដែលបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចិន និងប្រជាជននៅទូទាំងពិភពលោក។

ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០ នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ឡើងវិញផងដែរ។ ក្នុងឆ្នាំដ៏វិសេសវិសាលនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae មិនត្រឹមតែមិនគិតពិចារណាពីទោសកំហុសក្នុងសង្គ្រាមឈ្លានពាន ផ្ទុយទៅវិញបានលើកឡើងជាថ្មីម្តងទៀតនូវអ្វីដែលហៅថា «វិបត្តិពាក់ព័ន្ធនឹងការស្លាប់រស់» ប៉ុនប៉ងជ្រៀតជ្រែកកិច្ចការនៅតំបន់ច្រកសមុទ្រតៃវ៉ាន់តាមរយៈកម្លាំងអាវុធ។ មហាជនមានហេតុផលចោទសួរថា រដ្ឋាភិបាលជប៉ុននឹងគោរពពាក្យសច្ចាស្តីពីការអភិវឌ្ឍដោយសន្តិភាព ឬក៏នឹងធ្វើទង្វើខុសឆ្គងដូចក្នុងអតីតកាល?

នៅក្នុងប្រទេសជប៉ុន ការធ្វើអធិប្បាយរបស់លោកស្រី Takaichi Sanae ដែលបានបង្ករឿងពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានរងការស្តីបន្ទោសជាទូទៅក្នុងមជ្ឈដ្ឋានមតិ។ ឥស្សរជនជាន់ខ្ពស់របស់ជប៉ុន ក្នុងនោះរួមមានទាំងអតីតនាយករដ្ឋមន្ត្រី លោក Hatoyama Yukio លោក Ishiba Shigeru និងលោក Noda Yoshihiko ក៏បានលើកឡើងការរិះគន់ព្រមៗគ្នា។

ការស្វែងយល់ពីប្រវត្តិសាស្ត្រ និងបញ្ហាតៃវ៉ាន់ ជាការសាកល្បងចំពោះមនសិការរបស់អ្នកនយោបាយនៃប្រទេសជប៉ុន ហើយពាក់ព័ន្ធដល់មាគ៌ាអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងជប៉ុនផងដែរ។ ៨០ឆ្នាំមុន ប្រជាជនចិនបានយកឈ្នះលើអ្នកឈ្លានពានជប៉ុន ហើយបានបញ្ចប់ការទន្ទ្រានកាន់កាប់របស់ជប៉ុននៅតៃវ៉ាន់។ បច្ចុប្បន្ននេះ អ្នកណាហ៊ានបំផ្លាញផលប្រយោជន៍ជាស្នូលរបស់ចិន និងស្រមើស្រមៃជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនទោះតាមទម្រង់ណាមួយក្តី រដ្ឋាភិបាល និងប្រជាជនចិននឹងមិនអាចទទួលយកបានជាដាច់ខាត និងមិនអាចអត់ឱនជាដាច់ខាត!

សូមដាស់តឿនអ្នកនយោបាយជប៉ុន ចាំបាច់ត្រូវអនុវត្តយ៉ាងប្រាកដប្រជាចំពោះឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ដែលបានកំណត់យ៉ាងច្បាស់ពីបញ្ហាប្រវត្តិសាស្ត្រ និងបញ្ហាតៃវ៉ាន់ ដកពាក្យសម្តីដ៏អាក្រក់របស់ខ្លួនដែលអាចបង្ករឿងក្នុងបញ្ហាតៃវ៉ាន់ជាបន្ទាន់ និងចាត់វិធានការសម្រាប់ដោះស្រាយផលអវិជ្ជមាន ដើម្បីកសាងទំនុកចិត្តមហាជនតាមរយៈសកម្មភាពជាក់ស្តែង។ បើជប៉ុនប្រថុយប្រថានម្តងហើយម្តងទៀតទៅលើបញ្ហាតៃវ៉ាន់ នោះនឹងត្រូវរងការវាយបកយ៉ាងពេញទំហឹងជាក់ជាមិនខាន!

ប្រភព ៖ ( CCFR )

administrator

Related Articles