លោក ហ៊ុន ម៉ានី ជំរុញយុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»៖ បង្ហាញសក្ដានុពលកូនខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ

លោក ហ៊ុន ម៉ានី ជំរុញយុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»៖ បង្ហាញសក្ដានុពលកូនខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ វិនិយោគ ដើម្បីអនាគត» ព្រមទាំងពិធីសម្ពោធជាផ្លូវការ «យុទ្ធនាការ ១០០សហគ្រិន ១០០ស្លាកសញ្ញាខ្មែរ» បានប្រារព្ធឡើងយ៉ាងអធិកអធម នៅរោងភាពយន្ត Legend Olympia Mall រាជធានីភ្នំពេញ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអធិបតី។ ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ ២៥០ នាក់។

ថ្លែងក្នុងឱកាសនោះ ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ានី ដែលតែងតែផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់សមាគមជាបន្តបន្ទាប់ ជាពិសេសតាមរយៈការដឹកនាំរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលខ្មែរ» ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញឱ្យសមាគមផ្តួចផ្តើមគម្រោង «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ» នេះឡើង។


ក្នុងព្រះរាជបន្ទូលទៅកាន់អង្គពិធី លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់របស់សមាគម ក៏ដូចជាអាជីវកម្មផ្ទាល់របស់សមាជិក សមាជិកាទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់វិស័យធុរកិច្ចជាតិ។ លោកក៏បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ” ដោយលោកបានសង្កត់ធ្ងន់ថា យុទ្ធនាការនេះគឺជាការឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផល និងម៉ាកសញ្ញាដែលមានគុណភាព មិនត្រឹមតែសម្រាប់បម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏នឹងត្រៀមខ្លួននាំយកផលិតផលខ្មែរឆ្ពោះទៅកាន់ឆាកអន្តរជាតិផងដែរ។



គួររំលឹកផងដែរថា កម្មវិធីដ៏ធំនេះ រៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាសមាជិកមួយនៃសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្នុងភាពជាដៃគូជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ផ្សារទំនើប Olympia Mall និង Apsara Media Services (AMS)។ គោលបំណងចម្បងនៃកម្មវិធីគឺដើម្បីប្រមូលផ្ដុំសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគប្រមាណ ២,០០០ នាក់ ពីវិស័យផ្សេងៗ ដើម្បីជួបជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងរួមគ្នាគាំទ្រស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។


administrator

Related Articles