ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ចុះសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហារនៅព្រៃចាន់ ដល់មន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ចុះសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហារនៅព្រៃចាន់ ដល់មន្ទីរពេទ្យកាល់ម៉ែត

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរជាជនស៊ីវិលចំនួន ៣នាក់ ដែលបានរងរបួសដោយសារការបាញ់ប្រហារពីកងយោធាថៃ នៅចំណុចភូមិព្រៃចាន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
រូបភាពជនរងគ្រោះ
តាមការបញ្ជាក់លម្អិតពីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានយកចិត្តទុកដាក់ខ្ពស់ ចុះសួរសុខទុក្ខជនស៊ីវិលស្លូតត្រង់ទាំងបីនាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងយោធាថៃ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រូបភាពឯកឧត្តមរដ្ឋមន្ត្រីចុះសួរសុខទុក្ខ
ក្នុងឱកាសនៃការចុះពិនិត្យ និងសាកសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តកម្រិតឯកទេសជាមួយក្រុមគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលម្អិតលើករណីជំងឺនីមួយៗ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃការធ្វើរោគវិនិច្ឆ័យ វិធីសាស្រ្តនៃការព្យាបាល ក៏ដូចជាកំណត់ជំហានបន្ទាប់ សំដៅធានាគោលការណ៍សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់អ្នកជំងឺ។
រូបភាពក្រុមគ្រូពេទ្យ
សូមជម្រាបជូនថា បច្ចុប្បន្នអ្នកជំងឺទាំង ៣នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តតាមដាន និងសម្រាកព្យាបាល។ ការព្យាបាលនេះស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង និងក្រុមគ្រូពេទ្យគ្រប់ជំនាញ ស្របតាមអនុសាសន៍យកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
រូបភាពមន្ទីរពេទ្យកាល់ម៉ែត
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

administrator

Related Articles