រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីបានត្រៀមកម្លាំងយោធា ២០,០០០ នាក់ រួចជាស្រេចសម្រាប់បេសកកម្មអាចកើតមានឡើងទៅកាន់តំបន់ហ្គាហ្សា ដោយគ្រាន់តែរង់ចាំការអនុញ្ញាតជាអន្តរជាតិប៉ុណ្ណោះ។
លោក Sjafrie បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងទាំងនេះ រួមមានបុគ្គលិកពេទ្យ វិស្វករ និងបុគ្គលិកសន្តិសុខ អាចនឹងត្រូវដាក់ពង្រាយភ្លាមៗ នៅពេលដែលទទួលបានការអនុញ្ញាតជាផ្លូវការ។ ទីក្រុងហ្សាការតាកំពុងស្វែងរកវិធីសាស្រ្តពីរដើម្បីទទួលបានភ្លើងខៀវនេះ៖ ទីមួយក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) និងមួយទៀតតាមរយៈសម្ព័ន្ធភាពអន្តរជាតិដែលស្នើឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

លោក Sjafrie បានបញ្ជាក់បន្ថែមថា សម្រាប់ជម្រើសទីពីរ (សម្ព័ន្ធភាពដែលស្នើដោយលោក ត្រាំ) គឺតម្រូវឲ្យមានកិច្ចព្រមព្រៀងផ្ទាល់រវាងប្រមុខរដ្ឋ។ លោកក៏បានសង្កត់ធ្ងន់ថា ការអនុញ្ញាតពីប្រទេសអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អេហ្ស៊ីប កាតា និងអារ៉ាប់រួម គឺជារឿងចាំបាច់ រួមជាមួយនឹងការយល់ព្រមពីអ៊ីស្រាអែលផងដែរ។
ផែនការដាក់ពង្រាយកងទ័ពនេះ គឺស្របតាមដំណាក់កាលទីមួយនៃសំណើសន្តិភាព ២០ ចំណុចរបស់លោក ត្រាំ សម្រាប់តំបន់ហ្គាហ្សា ដែលការឈប់បាញ់ជាដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែតុលា កន្លងទៅ។
ការកត់សម្គាល់របស់លោក Sjafrie នេះ បានធ្វើឡើងក្នុងអំឡុងពេលដែលព្រះមហាក្សត្រ អាបឌុលឡាហ៍ទី២ នៃប្រទេសហ្ស៊កដានី យាងទស្សនកិច្ចនៅទីក្រុងហ្សាការតា។ ក្នុងឱកាសនោះ ព្រះអង្គបានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ អំពីការវិវឌ្ឍន៍ចុងក្រោយនៅក្នុងតំបន់ហ្គាហ្សា។ លោក Sjafrie បានថ្លែងថា ឥណ្ឌូណេស៊ី និងហ្ស៊កដានីបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងបង្កើតគណៈកម្មាធិការរួមមួយដើម្បីសម្របសម្រួលបច្ចុប្បន្នភាពនានា។
បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី លោក Yousef Ahmed Al-Hunaiti លោក Sjafrie បានបន្តថា ទីក្រុងហ្សាការតាបានមើលឃើញពីសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការសហការជាមួយហ្ស៊កដានី ដោយសារតែទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះនៅជិតតំបន់ហ្គាហ្សា។ លោកបានបន្ថែមថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងការងារលើបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក (Drone) រវាងក្រុមហ៊ុនផលិតអាវុធរដ្ឋឥណ្ឌូណេស៊ី PT Pindad និងក្រុមហ៊ុន Deep Element របស់ហ្ស៊កដានី។
