ខេត្តប៉ៃលិន៖ កម្លាំងនគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន និងទួលល្វា ចុះបង្រ្កាបករណីចោរកម្មលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាត់ខ្សែភ្លើង និងលួចសម្ភារៈផ្សេងៗ) មួយករណីកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការដេញចាប់ជនសង្ស័យ ក៏មានការប៉ះទង្គិចបណ្តាលឲ្យនាយប៉ុស្តិ៍រងរបួសផងដែរ។
យោងតាមរបាយការណ៍របស់នគរបាលក្រុង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១៥:៣០ នាទីរសៀលថ្ងៃកើតហេតុ កម្លាំងនគរបាលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានតាមដានមុខសញ្ញាដែលប្រព្រឹត្តបទល្មើសឈ្មោះ ទៀង សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញរហូតដល់ចំណុចផ្លូវបំបែកជាបួនចំការកាហ្វេ ស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានកាក់មុខសញ្ញាឲ្យឈប់ តែជនសង្ស័យមិនព្រមឈប់ក៏បានជិះម៉ូតូបុកលោកវរសេនីយ៍ត្រី សឿ ឡងឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បណ្តាលឲ្យរងរបួសចំស្មងជើងខាងស្តាំ (ដេរចំនួន ៥ថ្នេរ)។ 
ក្រោយពីបុកហើយដួលម៉ូតូ ជនសង្ស័យបានរត់ចូលព្រៃ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយតាមឃាត់ចាប់បានភ្លាមៗ។
ក្រោយការសាកសួរ ជនសង្ស័យ ទៀង សំណាង បានឆ្លើយសារភាពថាខ្លួនធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចំនួន ០៥ករណី និងបានប្រព្រឹត្តអំពើលួចកាត់ខ្សែភ្លើងចំនួន ០៧លើក។
បច្ចុប្បន្ន ជនរងគ្រោះដែលជាដើមបណ្តឹងចំនួន ០២នាក់ រួមមាន៖
១. ឈ្មោះ ចក់ ឫទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមន្រ្តីរាជការ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២. ឈ្មោះ សឿ ឡងឌី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរនគរបាល រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) និងមានផ្ទុកសារធាតុញៀន។ ក្រោយត្រូវបានតុលាការដោះលែងឲ្យមកលំនៅដ្ឋានវិញ ជនសង្ស័យនេះនៅតែបន្តដើរលួចទៀត។
វត្ថុតាងដកហូតបានរួមមាន៖
១. ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CH-7425 ចំនួន ០១គ្រឿង
២. ខ្សែភ្លើង ០១ដុំ ប្រហែល ៥០ម៉ែត្រ
៣. ដែកចន្ទាសឡាន ចំនួន ១០ដើម
៤. ដុំឌីណាម៉ូភ្លើង ចំនួន ០៣ដុំ
៥. អាគុយបាស់ ចំនួន ០១ដុំ
៦. ដែកដឺរ៉ា ចំនួន ០៣ដុំ។
បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់បានសំណូមពរឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
ដោយ៖ ស សារ៉េត
