ប្រេងឆៅហក់ឡើងជាង ២% ថ្ងៃសុក្រ! អាមេរិកដាក់ទណ្ឌកម្មរុស្ស៊ី ធ្វើឱ្យទីផ្សារឡើងកំដៅសារជាថ្មី

ប្រេងឆៅហក់ឡើងជាង ២% ថ្ងៃសុក្រ! អាមេរិកដាក់ទណ្ឌកម្មរុស្ស៊ី ធ្វើឱ្យទីផ្សារឡើងកំដៅសារជាថ្មី

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់កាលពីព្រឹកថ្ងៃសុក្រនេះ នៅក្នុងតំបន់អាស៊ី។ ការកើនឡើងនេះ កើតមានឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីវិធានការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់ប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារការរំពឹងទុកពីការកើនឡើងការផ្គត់ផ្គង់។

គិតត្រឹមម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងហុងកុង ប្រេងឆៅម៉ាក Brent បានកើនឡើង ១,៧៥ ដុល្លារ ឬប្រមាណ ២,៧៨% ទៅដល់ ៦៤,៧៦ ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅម៉ាក WTI របស់សហរដ្ឋអាមេរិក ក៏បានកើនឡើង ១,៨៤ ដុល្លារ ឬប្រមាណ ៣,១៤% ដល់តម្លៃ ៦០,៥៣ ដុល្លារក្នុងមួយបារ៉ែលផងដែរ។

កាលពីថ្ងៃពុធ ប្រេង Brent បានធ្លាក់ចុះ ៣,៧៦% និង WTI ធ្លាក់ ៤,១៨% រហូតធ្លាក់ចុះក្រោម ៦០ ដុល្លារក្នុងមួយបារ៉ែល មុនពេលបិទការជួញដូរ។ តម្លៃប្រេងទាំងពីរប្រភេទនេះបានធ្លាក់ចុះជាច្រើនសប្តាហ៍ជាប់ៗគ្នា ដោយសារតែការរំពឹងទុកថាការផ្គត់ផ្គង់ប្រេងនឹងកើនឡើង ជាពិសេសពីបណ្តាប្រទេសផលិតប្រេង OPEC+។

ការងើបឡើងវិញនៃតម្លៃប្រេងនៅថ្ងៃសុក្រនេះ កើតឡើងស្របពេលមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនប្រេងយក្សរបស់រុស្ស៊ី Lukoil PJSC បានចាប់ផ្តើមកាត់បន្ថយបុគ្គលិករបស់ខ្លួននៅទូទាំងប្រតិបត្តិការជួញដូរប្រេងសកល។ នេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលវិធានការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចូលជាធរមាននៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ។
Oil price increase

កុំភ្លេចចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តមុនគេ!

អ្នកវិភាគទីផ្សារបានលើកឡើងថា ប្រេងជិតមួយភាគបីនៃការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ី អាចនឹងជាប់គាំងនៅក្នុងកប៉ាល់ដឹកប្រេង ដោយសារតែការផ្លាស់ប្តូរផ្លូវ និងភាពយឺតយ៉ាវក្នុងការផ្ទុកប្រេង។ ស្ថានការណ៍នេះកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រទេសឥណ្ឌា និងចិន ក៏បានផ្អាកការទិញប្រេងឆៅពីរុស្ស៊ី ដោយសារតែទណ្ឌកម្មរបស់អាមេរិក។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី ក្នុងគោលបំណងជំរុញឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលជាហេតុធ្វើឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។

ទោះជាយ៉ាងណា អ្នកវិភាគទីផ្សារនៅតែមើលឃើញថា កំណើនតម្លៃប្រេងបច្ចុប្បន្ននៅតែមានកម្រិត ដោយសារតែមានការរំពឹងទុកពីការកើនឡើងការផ្គត់ផ្គង់ប្រេងនៅឆ្នាំក្រោយ ខណៈដែលតម្រូវការនៅតែបន្តធ្លាក់ចុះ ដោយសារតែភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចពិភពលោក។

ថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការផ្គត់ផ្គង់ប្រេងត្រូវបានគេរំពឹងថានឹងលើសពីតម្រូវការរហូតដល់ ២,៤ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៥ និង ៤ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការក៏អាចនឹងបន្តកើនឡើងរហូតដល់ឆ្នាំ ២០៥០ ផងដែរ។ ចំណែកអង្គការ OPEC បានរាយការណ៍ពីបរិមាណប្រេងលើសតម្រូវការនៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ខណៈសហរដ្ឋអាមេរិកក៏បានកត់ត្រាពីផលិតកម្មប្រេងខ្ពស់ជាប្រវត្តិសាស្ត្រផងដែរ។

administrator

Related Articles