កណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ដែលបានប្រព្រឹត្តបទល្មើសកាន់កាប់អាវុធ (បំពង់ទីប) ខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៖១៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១- ឈ្មោះ យឿន រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
២- ឈ្មោះ ពន្លាយ កក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មកររត់តុ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
៣- ឈ្មោះ ផល្លា សុខឡេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
៤- ឈ្មោះ នី រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករដើររោងការ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-7295 មួយគ្រឿង, ម៉ូតូ Suzuki Nex Crossover ពាក់ផ្លាកលេខ ឧ.មានជ័យ 1G-4163 មួយគ្រឿង, បំពង់ទីបមូល (ដងឆ័ត្រ) មួយកំណាត់ និងទូរស័ព្ទដៃ iPhone ០៣គ្រឿង។
មុនពេលកើតហេតុ កម្លាំងផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង ១០ បានចុះល្បាតជុំវិញមូលដ្ឋានក្រុងតាខ្មៅ។ លុះមកដល់ចំណុចផ្លូវ ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក៏បានប្រទះឃើញជនសង្ស័យទាំង ៨នាក់ កំពុងជិះម៉ូតូ ៤គ្រឿង (Honda ១គ្រឿង និង Suzuki Nex ៣គ្រឿង) ដោយមានកាន់បំពង់ទីបមូល (ដងឆ័ត្រ) នៅនឹងដៃ។ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានដេញព័ទ្ធចាប់បានម៉ូតូ ២គ្រឿង ដែលមានជនសង្ស័យ ៤នាក់ រួមទាំងវត្ថុតាងយកមកសួរនាំ និងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាន់កាប់បំពង់ទីបមូលនៅនឹងដៃ ដើម្បីទុកការពារខ្លួនមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
