រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យវះកាត់ជាកម្លាំងស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក! #សន្និសីទសល្យសាស្ត្រ

រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យវះកាត់ជាកម្លាំងស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក! #សន្និសីទសល្យសាស្ត្រ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» កាលពីថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រមូលផ្តុំអ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកវះកាត់ជាច្រើនរូប ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីក។

សន្និសីទក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» នាថ្ងៃនេះ គឺជាផ្នែកមួយនៃការឆ្លើយតបយ៉ាងសំខាន់ទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង។ នេះក៏ដោយសារជំងឺមហារីកនៅតែជាមូលហេតុចម្បងមួយ នៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការយល់ដឹងពីជំងឺនេះ ពង្រីកសេវាបង្ការ ព្យាបាល និងថែទាំប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយទុក្ខលំបាក ក៏ដូចជាបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។

ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីបានគូសរំលេច និងផ្តោតសំខាន់លើចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់៖
១) ការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។
២) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវ។
៣) គុណភាព និងសុវត្ថិភាពនៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ។
៤) ពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់អង្គពិធី រួមមាន៖
* គ្រូពេទ្យវះកាត់ទាំងអស់ ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាព ក៏ដូចជាសហការគ្នាបានល្អ។
* ជោគជ័យនៃការវះកាត់ គឺលទ្ធផលចុងក្រោយដែលអ្នកជំងឺជាសះស្បើយតាមពេលវេលាសមស្រប ជាមួយសុវត្ថិភាព និងគុណភាពជីវិតល្អប្រសើរ។ ដូច្នេះ ត្រូវគិតគូរឱ្យបានសព្វគ្រប់ទាំងមុនពេលវះកាត់ ពេលកំពុងវះកាត់ និងក្រោយពេលវះកាត់។

* ការវះកាត់ដែលមានសុវត្ថិភាពខ្ពស់ និងតម្លៃសមស្រប គឺជាគោលនយោបាយមួយដ៏សំខាន់របស់អង្គការសុខភាពពិភពលោក (WHO) ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សុវត្ថិភាព និងតម្លៃសមស្របដោយមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ គឺជាការចូលរួមសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។
* ត្រូវអនុវត្តឱ្យបានច្បាស់លាស់ពេញលេញនូវបញ្ជីផ្ទៀងផ្ទាត់សុវត្ថិភាពវះកាត់ ដែលជាការរួមចំណែកកាត់បន្ថយកំហុស និងគ្រោះថ្នាក់បានខ្ពស់បំផុត។

ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីបានណែនាំដល់សិក្ខាសាលានាពេលនេះ ត្រូវខិតខំពិភាក្សា បញ្ចេញមតិ ឆ្លុះបញ្ចាំង និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍សម្រាប់បង្កើនគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូន លោកសាស្រ្តាចារ្យ Jacques Baulieux តំណាងបណ្ឌិតសភាវះកាត់នៃប្រទេសបារាំង ដើម្បីជាការលើកទឹកចិត្តដល់លោកសាស្រ្តាចារ្យ ដែលមានស្នាដៃក្នុងការជួយបណ្តុះបណ្តាលនិស្សិត និងតែងតែផ្តល់ឱកាសឱ្យនិស្សិតខ្មែរបានធ្វើកម្មសិក្សានៅប្រទេសបារាំង។ ពិធីនេះ ក៏មានការចូលរួមពីលោកសាស្ត្រាចារ្យ តំណាងបណ្ឌិតសភាវះកាត់នៃប្រទេសបារាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា សាស្រ្តាចារ្យ ប្រធានសមាគមសល្យសាស្ត្រកម្ពុជា ប្រធានសន្និសីទសល្យសាស្ត្រប្រចាំឆ្នាំលើកទី៣០ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា សរុបចំនួន ២៤០នាក់ផងដែរ។
ដោយ ៖ សិលា

administrator

Related Articles