រាជធានីភ្នំពេញ៖ ដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋ និងអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ! ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ធំមួយនៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង គឺស្រុកថ្មគោល និងស្រុកមោងឫស្សី។ គោលបំណងសំខាន់គឺដើម្បីផ្តល់ឱកាសការងារជាច្រើន អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ពិព័រណ៍នេះនឹងប្រមូលផ្តុំដោយសហគ្រាស ក្រុមហ៊ុន និងរោងចក្រល្បីៗជាច្រើន ដែលនឹងនាំយកឱកាសការងារជាង ៧ម៉ឺនកន្លែងមកផ្តល់ជូនបងប្អូនដោយផ្ទាល់ ព្រមទាំងមានការសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗនៅនឹងកន្លែងទៀតផង។

មិនតែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានលម្អិតអំពីឱកាសការងារគ្រប់ប្រភេទ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសំខាន់ៗ និងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ពីបេឡាជាតិសន្តិសុខសង្គម។

កាន់តែពិសេសនោះ គឺមានផ្តល់ជូនសេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃដល់អ្នកចូលរួមទាំងអស់ទៀតផង។

លោក ស៊ុន មេសា ក៏បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ សូមមេត្តាអញ្ជើញចូលរួមក្នុងពិព័រណ៍នេះឱ្យបានច្រើនកុះករ ដើម្បីស្វែងរកឱកាសការងារថ្មី បង្កើនចំណេះដឹង ជំនាញ និងលើកកម្ពស់គុណភាពជីវិតរបស់ខ្លួន និងគ្រួសារ។


សូមជម្រាបផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះចំនួន ៣ខេត្តទៀត គឺ៖

* នៅខេត្តបាត់ដំបង៖ ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
* នៅខេត្តបន្ទាយមានជ័យ៖ ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
* និងនៅខេត្តសៀមរាប៖ ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។


កុំភ្លេចចូលរួមទាំងអស់គ្នា! អត្ថបទសហការ
