ទស្សនៈអភិវឌ្ឍន៍ថ្មីរបស់លោក Xi Jinping៖ ជំរុញចិនឆ្ពោះទៅរកគុណភាពខ្ពស់

ទស្សនៈអភិវឌ្ឍន៍ថ្មីរបស់លោក Xi Jinping៖ ជំរុញចិនឆ្ពោះទៅរកគុណភាពខ្ពស់

អន្តរជាតិ៖ លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់ជាញឹកញាប់ថា ទស្សនៈអភិវឌ្ឍន៍គឺជាកត្តាកំណត់ជោគជ័យ ឬបរាជ័យនៃការអភិវឌ្ឍ។ សម្រាប់ប្រទេសចិន លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»។

កាលពីមួយទសវត្សរ៍មុន នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៨ លោក Xi Jinping បានដាក់ចេញនូវទស្សនៈអភិវឌ្ឍន៍ថ្មីមួយ ដែលផ្តោតលើ នវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហរ និងការចែករំលែក។

គោលគំនិតនេះទាមទារឱ្យមានការផ្តោតសំខាន់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។ ក្នុងកិច្ចសំណេះសំណាលជាមួយសហគ្រិនបច្ចេកវិទ្យា លោកបានផ្តល់អនុសាសន៍ថា៖ «ប្រសិនបើប្រទេសចិនមិនដើរតាមមាគ៌ាអភិវឌ្ឍន៍ផ្អែកលើនវានុវត្តន៍ ហើយមិនអាចផ្លាស់ប្តូរបានយ៉ាងរលូនពីកម្លាំងចលករចាស់ ទៅកម្លាំងចលករថ្មីទេនោះ ប្រទេសចិនមិនអាចក្លាយជាប្រទេសខ្លាំងក្លាពិតប្រាកដបានឡើយ»។

ចាប់តាំងពីការដាក់ចេញនូវទស្សនៈអភិវឌ្ឍន៍ថ្មីនេះ អស់រយៈពេលមួយទសវត្សរ៍មក ប្រទេសចិនបានផ្លាស់ប្តូរពី «ការពង្រីកបរិមាណ» ទៅជា «ការលើកកម្ពស់គុណភាព»។ ទស្សនៈនេះបានជំរុញឱ្យសេដ្ឋកិច្ចចិនប្រែក្លាយពីកំណើនល្បឿនលឿន ទៅជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

បន្ទាប់ពីឈានចូលយុគសម័យថ្មី លោក Xi Jinping បានចុះត្រួតពិនិត្យការងារ និងស្វែងយល់ពីស្ថានភាពអភិវឌ្ឍន៍ក្នុងតំបន់ជាងមួយរយលើក។ លោកបានប្រៀបធៀបថា៖ «កាលពីមុន មនុស្សគ្រប់គ្នារវល់សាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី ផ្លូវដែក និងអាកាសយានដ្ឋាន ប៉ុន្តែបច្ចុប្បន្ន ទីក្រុងនីមួយៗបានយកចិត្តទុកដាក់ខ្ពស់ចំពោះការដាំដើមឈើ និងការកសាងប្រព័ន្ធអេកូឡូស៊ី។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យសាទរ»។

តាមរយៈការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍផ្អែកលើនវានុវត្តន៍ ប្រទេសចិនបានឡើងពីចំណាត់ថ្នាក់ទី ៣៤ ក្នុងតារាងសន្ទស្សន៍នវានុវត្តន៍សកលនៅឆ្នាំ២០១២ ដល់ចំណាត់ថ្នាក់ទី ១០ នៅឆ្នាំ២០២៥។ ជាមួយការអភិវឌ្ឍបែបបន្ស៊ីគ្នា តំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដែលមានទំហំផ្ទៃដីតិចជាង ០.៦% នៃផ្ទៃដីចិន បែរជាបង្កើតបាន ១ភាគ៩ នៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេស។ លើសពីនេះ តាមរយៈការអភិវឌ្ឍបៃតង អគ្គិសនីមួយគីឡូវ៉ាត់ក្នុងចំណោមបីគីឡូវ៉ាត់ដែលត្រូវប្រើប្រាស់ក្នុងសង្គមទាំងមូល គឺជាអគ្គិសនីបៃតង។ ហើយដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបបើកចំហ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មនាំមុខទាំងបី ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥៧ នៅទូទាំងពិភពលោក។

ប្រភព ៖ (CCFR)

administrator

Related Articles