យោងតាមសារព័ត៌មានថៃ MGR Online ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចផ្អាកបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួនជាមួយថៃ រហូតទាល់តែទីក្រុងបាងកកបង្ហាញការប្ដេជ្ញាចិត្តជាថ្មីចំពោះសេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពជាមួយកម្ពុជា។ ចំពោះចំណាត់ការរបស់អាមេរិកនេះ មន្ត្រីថៃបានសម្ដែងការខកចិត្ត និងចាត់ទុកថា វាមិនពាក់ព័ន្ធនឹងភាពតានតឹងតាមបណ្ដោយព្រំដែនដែលកំពុងបន្តនោះទេ។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានបញ្ជាក់ថា ប្រទេសថៃត្រូវបានភាគីតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកជូនដំណឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade Framework) រហូតទាល់តែប្រទេសថៃបញ្ជាក់ថា ខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះ។

លោក Nikorndej បានថ្លែងបន្តថា ប្រទេសថៃបានសម្តែងការខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តនេះ ដោយលោកបានសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខរវាងថៃនិងកម្ពុជា មិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មរវាងថៃនិងអាមេរិកនោះទេ ព្រោះពាណិជ្ជកម្មនេះផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ។
អ្នកនាំពាក្យថៃរូបនេះបានលើកឡើងថា «ជំហររបស់ប្រទេសថៃគឺថា ពាណិជ្ជកម្មអន្តរជាតិ និងវិធានការគយ គឺជាបញ្ហាសេដ្ឋកិច្ចដែលទាមទារឱ្យមានការពិចារណាដោយប្រុងប្រយ័ត្ននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម»។
លោក Nikorndej បានបន្តទៀតថា ប្រទេសថៃបានស្នើសុំឱ្យកិច្ចចរចាពាណិជ្ជកម្មនៅដាច់ដោយឡែកពីជម្លោះព្រំដែន ហើយបានបន្ថែមថា ទីភ្នាក់ងារថៃដែលពាក់ព័ន្ធនឹងបន្តត្រៀមលក្ខណៈសម្រាប់ការចរចារពន្ធគយនាពេលអនាគតជាមួយសហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា ការផ្អាកកិច្ចចរចាពាណិជ្ជកម្មរបស់អាមេរិកចំពោះថៃ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុ ល កាលពីថ្ងៃសៅរ៍ ទី១៥ វិច្ឆិកា បានប្រកាសថា ប្រទេសថៃបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើឱ្យទាហានថៃម្នាក់រងរបួស។
